ចំនួនអ្នកស្លាប់ដោយសារការបាក់រលំអគារនៅទីក្រុង ចច (George) នៃប្រទេសអាហ្វ្រិកខាងត្បូង កាលពីសប្តាហ៍មុនបានកើនឡើងដល់ ៣៣ នាក់កាលពីថ្ងៃអង្គារ (១៤ ឧសភា) ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានបន្តរុះរើគំនរបាក់បែក ដោយមនុស្ស ១៩ នាក់នៅតែមិនទាន់បានសង្គ្រោះនៅឡើយអស់រយៈពេលជាងមួយសប្តាហ៍បន្ទាប់ពីឧបទ្ទវហេតុនេះ។

មន្ត្រីសាលាក្រុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រហូតមកដល់ពេលនេះ មានតែអ្នកដែលត្រូវបានសម្លាប់នៅលើការដ្ឋានសំណង់ចំនួន ៦ នាក់ប៉ុណ្ណោះ ដែលត្រូវបានកំណត់អត្តសញ្ញាណ ដោយសារអាជ្ញាធរកំពុងជួបការលំបាកក្នុងការទទួលបានឈ្មោះត្រឹមត្រូវ។

មនុស្សចុងក្រោយដែលត្រូវបានជួយសង្គ្រោះ ត្រូវគេទាញចេញពីគំនរបាក់បែកបន្ទាប់ពីជាប់ខ្លួនអស់ជិតមួយសប្ដាហ៍ នៅក្នុងអ្វីដែលនាយករដ្ឋមន្រ្ដីនៃខេត្ត វេសស្ទើន ខេប (Western Cape) នេះបានពណ៌នាថា «អព្ភូតហេតុនៅតែមាន»។
គេមិនដឹងថាហេតុអ្វីបានជាអគារកម្ពស់ប្រាំជាន់នៅភាគខាងកើតនៃក្រុង ខេប ថោន (Cape Town) នេះបានបាក់រលំកាលពីថ្ងៃទី០៦ ឧសភា នោះទេ។ ការស៊ើបអង្កេតកំពុងតែប្រព្រឹត្តទៅ ហើយក្រុមអ្នកជួយសង្គ្រោះបានប្រើប្រាស់យានស្ទូច ឧបករណ៍ខួង និងដៃទទេរបស់ពួកគេ ដើម្បីព្យាយាមទៅដល់អ្នកជាប់ខ្លួននៅក្រោមអគារ៕
