កោះតៃវ៉ាន់បានរាយការណ៍ថា កងកម្លាំងយោធារបស់ចិនកំពុងអនុវត្ត សកម្មភាពល្បាតប្រយុទ្ធ មួយផ្សេងទៀតនៅជិតកោះនេះកាលពីថ្ងៃអង្គារ ១៤ ឧសភា រួមទាំងការបញ្ជូនយន្តហោះឆ្លងកាត់ខ្សែបន្ទាត់មេដ្យាន ដ៏រសើបរបស់កោះតៃវ៉ាន់ ខណៈភាពតានតឹងកើនឡើង មួយសប្តាហ៍មុនពេលមេដឹកនាំថ្មីចូលកាន់តំណែង។

ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ យោធារបស់ប្រទេសចិន បានបង្កើនសកម្មភាពរបស់ខ្លួនជុំវិញកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យតៃវ៉ាន់។ ទីក្រុងប៉េកាំង ចាត់ទុកកោះនេះជាទឹកដីរបស់ខ្លួន ជាជំហរ ដែលរដ្ឋាភិបាលក្រុងតៃប៉ិ ច្រានចោលយ៉ាងដាច់អហង្ការ។

មេដឹកនាំជាប់ឆ្នោតថ្មីរបស់កោះតៃវ៉ាន់ លោក ឡៃ ឆឹង-ទ(Lai Ching-te) នឹងត្រូវចូលកាន់តំណែងនៅថ្ងៃចន្ទសប្តាហ៍ក្រោយបន្ទាប់ពីការបោះឆ្នោតរបស់លោកកាលពីខែមករាឆ្នាំនេះ។ក្រុងប៉េកាំងបាន ចាត់ទុកលោក Lai ថាជា ជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់ ហើយបានបដិសេធការចរចា ម្តងហើយម្តងទៀតជាមួយកោះតៃវ៉ាន់។

ថ្លែងទៅកាន់កិច្ចប្រជុំកំពូលលទ្ធិប្រជាធិបតេយ្យនៅទីក្រុង កូប៉ិនហាក (Copenhagen) ក្នុងប្រទេសដាណឺម៉ាក នៅក្នុងសារដែលបានថតទុកមុន កាលពីថ្ងៃអង្គារ លោក Lai បាននិយាយថា លោកនឹងប្រឹងប្រែងការពារស្ថានភាពបច្ចុប្បន្ននៅទូទាំងច្រកសមុទ្រនេះ ។
លោកបាននិយាយថា លោកនឹងមិនបដិសេធការសន្ទនាជាមួយប្រទេសចិនលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូរ ដោយគ្មានលក្ខខណ្ឌឡើយ។
អាជ្ញាធរការពារជាតិកោះតៃវ៉ាន់បាននិយាយថា ចាប់ពីម៉ោង៥ល្ងាច ខ្លួនបានប្រទះឃើញយន្តហោះយោធាចិនចំនួន ២៣ គ្រឿង រួមទាំងយន្តហោះចម្បាំងទំនើប Su-30 កំពុងអនុវត្ត សកម្មភាពល្បាតត្រៀមប្រយុទ្ធរួមគ្នា រួមទាំងនាវាចម្បាំងទៀតផង៕