ក្រុមហ៊ុនវីដេអូ យូធូប (YouTube) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អាល់ហ្វាបេត (Alphabet) កាលពីថ្ងៃអង្គារ (១៤ ឧសភា) បាននិយាយថា ខ្លួននឹងអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការក្រុងហុងកុង និងរារាំងការចូលទៅកាន់តំណភ្ជាប់វីដេអូចំនួន ៣២ ដែលត្រូវបានចាត់ទុកថាជាខ្លឹមសារហាមឃាត់ នៅក្នុងអ្វីដែលអ្នករិះគន់និយាយថា ជាការបំផ្លិចបំផ្លាញដល់សេរីភាពនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសចិនមួយនេះ ស្របពេលមានគំនាបផ្នែកសន្តិសុខ។

វិធានការនេះធ្វើឡើងបន្ទាប់ពីសំណើរបស់រដ្ឋាភិបាល ដែលត្រូវបានផ្តល់ដោយសាលាឧទ្ធរណ៍របស់ទីក្រុងហុងកុង ដោយស្នើសុំឱ្យហាមប្រាមចម្រៀងតវ៉ាមួយ ដែលមានចំណងជើងថា «ជយោហុងកុង» (Glory to Hong Kong)។ ចៅក្រមបានព្រមានថា ក្រុមអ្នកប្រឆាំងដែលស្វែងរកការញុះញង់ឱ្យមានការបះបោរអាចយកបទចម្រៀងនេះទៅប្រើប្រឆាំងនឹងរដ្ឋ។

នៅក្នុងការអត្ថាធិប្បាយរិះគន់ដីការបស់តុលាការ YouTube បាននិយាយថា សេចក្តីសម្រេចនេះនឹងបង្កើនការសង្ស័យជុំវិញការងាររបស់រដ្ឋាភិបាលហុងកុង ក្នុងការជំរុញសេដ្ឋកិច្ចឌីជីថល និងទាមទារកេរ្តិ៍ឈ្មោះរបស់ខ្លួនឡើងវិញជាកន្លែងដែលពិបាកសម្រាប់ការធ្វើអាជីវកម្ម។

អ្នកសង្កេតការណ៍មួយចំនួន រួមទាំងរដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិយាយថា ការហាមប្រាមនេះនឹងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះអន្តរជាតិរបស់ហុងកុងបន្ថែមទៀតក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងបង្កើនការព្រួយបារម្ភអំពីការលុបបំបាត់សេរីភាព និងប៉ះពាល់ដល់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះលំហូរព័ត៌មានដោយសេរី៕