ក្រសួងបរិស្ថាន បានប្រកាសបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះតទៅ។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថានជាច្រើនរូបទៀត ស្ថិតនៅទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។
នៅក្នុងពិធី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»នេះ បានបង្ហាញយ៉ាងច្បាស់ពីការតាំងចិត្តចូលរួមពីខ្មែរទូទាំងប្រទេស បន្ទាប់ពីកម្ពុជាយើងបានចូលរួមទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើន ជាងការបោះចោលទៅក្នុងទីសាធារណៈទទួលបានជោគជ័យរួចហើយ។
ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» គឺជាយុទ្ធនាការសុំឱ្យ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋមួយភូមិ ឬមួយឃុំ ឬមួយស្រុក ឬមួយខេត្ត ចេញមកទាំងអស់គ្នារើសសំរាមជុំវិញបរិវេណផ្ទះ សាលារៀន វត្តអារាម និងតាមទីសាធារណៈ ចំនួន១៥នាទី រៀងរាល់ថ្ងៃសៅរ៍ ដោយប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ ហើយយុទ្ធនាការនេះ មានបីជំហានរួមមាន៖ ទី១.ធ្វើយុទ្ធនាការ ទី២.ចលនាប្រជាពលរដ្ឋ និងទី៣.ធ្វើជាទម្លាប់។
ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍បន្តទៀតថា ភាពស្អាត និងសុខភាពប្រជាពលរដ្ឋ ជាការងារអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់។ ការសម្អាតអនាម័យបរិស្ថាននៅតាមមូលដ្ឋាន ប្រមូលទុកដាក់សំរាម រួមទាំងការកាត់បន្ថយសំណល់ប្លាស្ទិក ដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជនជំនាន់ក្រោយ ធានាការគ្រប់គ្រងសំរាម ថែរក្សាអនាម័យបរិស្ថាន និង សុខុមាលភាពប្រជាពលរដ្ឋ បានល្អប្រសើរ ស្របនឹងភាពស្អាត ដែលជាមុំយុទ្ធសាស្រ្តអាទិភាពទី១ ចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។
គួរបញ្ជាក់ដែរថា ក្រសួងបរិស្ថានបានរៀបចំ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣- ២០២៨» ដែលផ្តោតលើមុំយុទ្ធសាស្រ្តចំនួន៣រួមមាន៖ ភាពស្អាត ភាពបៃតង និងចីរភាព ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង៕ អត្ថបទ៖ទូច សោភ័ណ