យោធាអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារ (១៤ ឧសភា) ថា កងកម្លាំងរបស់ខ្លួនបានដកថយទៅកាន់ទីតាំងថ្មីនៅក្នុងតំបន់ចំនួនពីរនៃតំបន់ ខាគីវ (Kharkiv) ភាគឦសាន ជាទីដែលទីក្រុងមូស្គូ កំពុងវាយលុក ហើយបានព្រមានអំពីការបង្កើនកម្លាំងទ័ពរបស់រុស្ស៊ី កាន់តែខ្លាំងក្លានៅភាគខាងជើងក្បែរតំបន់ ស៊ូមី (Sumy) របស់ខ្លួន។

ការវាយប្រហារឆ្លងព្រំដែនលើផ្នែកថ្មីនៅក្នុងតំបន់ ស៊ូមី ទំនងជានឹងពង្រីកខ្សែការពារដែលបាត់បង់របស់ទីក្រុងគីវ បន្ថែមទៀត បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី ចូលទៅក្នុងតំបន់ ខាគីវ បានបើកសមរភូមិថ្មីកាលពីថ្ងៃសុក្រ ដែលបង្ខំឱ្យអ៊ុយក្រែនប្រញាប់ប្រញាល់ក្នុងការពង្រឹងកម្លាំង។

រុស្សី បានវាយបើកផ្លូវចូលទៅក្នុងភាគខាងជើងនៃតំបន់ ខាគីវ ហើយបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានវាយយកភូមិព្រំដែនទី១០ គឺភូមិ ប៊ូរូវ៉ាត់កា (Buhruvatka)។ ប្រមុខនគរបាលនៅទីក្រុង វូវឆានស្ក៍ (Vovchansk) ដែលជាទីប្រជុំជនចម្ងាយ ៥ គីឡូម៉ែត្រ ពីព្រំដែនដែលជាគោលដៅនៃការរុញច្រានដ៏សំខាន់មួយរបស់រុស្ស៊ី បានរាយការណ៍ពីការផ្ទុះអាវុធនៅភាគខាងជើងនៃទីក្រុង។

ក្រៅពីការបំផ្លិចបំផ្លាញ និងទុក្ខសោករបស់ប្រជាជនអ៊ុយក្រែននៅក្នុងតំបន់ ខាគីវ ដែលជាទីក្រុងធំទីពីររបស់ខ្លួននេះ ការលុកលុយគឺជាការរំខានដល់ប្រតិបត្តិការការពាររបស់ទីក្រុងគីវ នៅភាគខាងកើត ដែលរុស្ស៊ី បានផ្តោតការវាយលុកអស់រយៈពេលជាច្រើនខែ៕