នាព្រឹកថ្ងៃទី១៥ឧសភានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ តបតាមការអញ្ជើញរបស់ឯកឧត្តម យួន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។

ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ច នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ។
គណៈប្រតិភូជាន់ខ្ពស់ដែលអញ្ជីញអមដំណើរ សម្ដេចធិបតី ក្នុងឱកាសនេះ រួមមាន៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត រួមនឹងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង។

ឯកឧត្តម មាស សុភ័ណ្ឌ បានបន្តថា ក្រៅពីកម្មវិធីជួបជាមួយថ្នាក់ដឹកនាំ និងអ្នកវិនិយោគនានា សម្តេចធិបតីនឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋសហគមន៍ខ្មែរ នៅសាធារណរដ្ឋកូរ៉េ ផងដែរ។ ឯកឧត្តមបញ្ជាក់ថា ក្រោយបញ្ចប់ដំណើរទស្សនកិច្ច សម្ដេចធិបតី និងលោកជំទាវនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាកម្ពុជាវិញនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤៕
អត្ថបទ៖ វ៉ន ដារ៉ា






