អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា ប្រសិនបើច្បាប់ដែលត្រូវបានអនុម័តដោយសភាប្រទេសហ្ស៊កហ្ស៊ីស្តីពី «ភ្នាក់ងារបរទេស» បានដំណើរការទៅមុខ ដោយមិនគោរពតាមបទដ្ឋានរបស់សហភាពអឺរ៉ុប នោះទំនាក់ទំនងរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយរដ្ឋតំបន់ South Caucasus នឹងមានហានិភ័យ។

ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក James O'Brien បាននិយាយថា ជំនួយទាំងអស់ពីទីក្រុងវ៉ាស៊ីនតោន ទៅកាន់ប្រទេសហ្ស៊កហ្ស៊ី នឹងស្ថិតក្រោមការត្រួតពិនិត្យ នោះប្រសិនបើសហរដ្ឋអាមេរិក ត្រូវបានអាជ្ញាធររបស់ប្រទេសនេះចាត់ទុកជាសត្រូវ និងពុំមែនជាដៃគូ។
លោកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ចង់ធានាបានថាការតវ៉ាថ្មីៗណាមួយប្រឆាំងទៅនឹងច្បាប់«ភ្នាក់ងារបរទេស» គឺធ្វើឡើងដោយសន្តិវិធី ហើយប្រសិនបើមានអំពើហិង្សាណាមួយទៅលើក្រុមបាតុករ ការរឹតត្បិតផ្នែកហិរញ្ញវត្ថុនិងការធ្វើដំណើរ នឹងត្រូវដាក់ទៅលើអ្នកទាំងឡាយណាដែលទទួលខុសត្រូវ។

កាលពីថ្ងៃអង្គារ ក្រុមអ្នកតវ៉ារាប់ពាន់នាក់ បានបិទផ្លូវប្រសព្វដ៏សំខាន់មួយ នៅក្នុងរដ្ឋធានីប្រទេសហ្ស៊កហ្ស៊ី បន្ទាប់ពីសភា បានអនុម័តអំណានច្បាប់លើកទី៣ ដែលត្រូវបានរិះគន់ដោយក្រុមប្រឆាំងនិងប្រទេសលោកខាងលិចថាផ្តាច់ការ។
ក្រុមបាតុករ ត្រូវបានគេមើលឃើញប្រមូលផ្តុំគ្នានៅទីលាន Heroes ។ សភារបស់ហ្ស៊កហ្ស៊ី បានអនុម័តអំណានលើកទីបីនិងជាលើកចុងក្រោយនៃសេចក្តីស្នើច្បាប់ «ភ្នាក់ងារបរទេស» ដោយជម្រះឧបសគ្គធំមួយដើម្បីឲ្យក្លាយជាច្បាប់។
សេចក្តីព្រាងច្បាប់ នៅពេលនេះបានទៅដល់ប្រធានាធិបតី លោកស្រី សាឡូម ហ្ស៊ូរ៉ាប៊ីចវីលី(Salome Zourabichvili) ដែលបាននិយាយថាលោកស្រី នឹងប្រើសិទ្ធវ៉េតូចំពោះច្បាប់នេះ ប៉ុន្តែការសម្រេចចិត្តរបស់លោកស្រី អាចត្រូវបានបដិសេធដោយការបោះឆ្នោតមួយផ្សេងទៀត នៅក្នុងសភាដែលគ្រប់គ្រងដោយគណបក្សកាន់អំណាច និងសម្ព័ន្ធមិត្តរបស់ខ្លួន។