ប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ បន្តចេញវីដេអូប្រកាសគាំទ្រ និងស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៤នេះ។
ក្នុងឱកាសដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដី និងលោកជំទាវបណ្ឌិតនៅក្រៅប្រទេស ប្រជាពលរដ្ឋ ពលករ និងនិស្សិតខ្មែរ ដែលកំពុងតែរស់នៅ ធ្វើការ និងសិក្សានៅក្រៅប្រទេស បានបន្តចេញសារជាវីដេអូ ប្រកាសស្វាគមន៍ និងគាំទ្រចំពោះដំណើរទស្សកិច្ចរបស់ម្ដេចធិបតី និងលោកជំទាវរួមនឹងគណៈប្រតិភូរបស់កម្ពុជា។
ប្រជាពលរដ្ឋលើកឡើងថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការនេះ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងបន្តការសិក្សានៅកូរ៉េ បានបង្ហាញក្ដីសប្បាយរីករាយ និងរំពឹងខ្ពស់ពីសមិទ្ធផលនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងថ្នាក់កំពូលរបស់កម្ពុជា និងបណ្ដាថ្នាក់ដឹកនាំប្រទេសជាមិត្ត។
សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៧៖៤៥នាទី។ នៅពេលទៅដល់ប្រទេសកូរ៉េ បងប្អូនសហគមន៍ខ្មែររស់នៅសាធារណរដ្ឋកូរ៉េ នឹងរងចាំទទួលស្វាគមន៍សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ចំពោះដំណើរអញ្ជើញដល់សណ្ឋាគារនៅលើទឹកដីទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ចន្លោះម៉ោង ១៣៖០០-១៤៖០០រសៀល (ម៉ោងភ្នំពេញ)៕អត្ថបទ៖ វ៉ន ដារ៉ា
