ក្នុងជំនួបជាមួយសម្ដេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា (EU) សន្យាបន្តពង្រឹងទំនាក់ទំនងជាមួយកម្ពុជា ដើម្បីជួយដល់សេដ្ឋកិច្ចឱ្យកាន់តែរឹងមាំជាងនេះ។
ការសន្យារបស់ឯកឧត្តម ទ្រីសម៉ាន់ អ៊ីហ្គោរ៍ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ក្នុងឱកាសសម្ដេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អនុញ្ញាតទទួលជួបសវនាការសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន ក៏ដូចជារដ្ឋាភិបាលរបស់ប្រទេសសមាជិកសហភាពអឺរ៉ុបទាំងមូល ដែលតែងតែបានជួយជ្រោមជ្រែងក្នុងដំណើរការកសាងស្តារសន្តិភាព និងកាអភិវឌ្ឍន៍នៅកម្ពុជាតាំងពីទស្សវត្សន៍ឆ្នាំ១៩៩០។ លើសពីនោះ សហភាពអឺរ៉ុប បានចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជាក្នុងថ្នាក់តំបន់ជាសមាជិកអាស៊ាន រួមទាំងក្នុងឋានៈជាសមាជិកលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាដើម។
ឆ្លៀតក្នុងឱកាសនេះ ភាគីទាំងពីរ បានពិភាក្សា និងបានបញ្ជាក់ពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហភាពអឺរ៉ុបដែលបានដំណើរការទៅរយៈពេលជាច្រើនទស្សវត្សន៍មកហើយ ដោយពេលក្នុងដំណាក់កាលដំបូងសហភាពអឺរ៉ុបបានជួយកម្ពុជាទៅលើដំណើរការស្តារ ការកំណែទម្រង់អភិបាលកិច្ចទៅលើវិស័យជាច្រើន រួមមាន វិស័យអប់រំ វិស័យសុខាភិបាល ជាពិសេសផ្តោតទៅលើវិស័យបៃតង សំដៅការអភិវឌ្ឍន៍ឱ្យមានភាពធន់ រឹងមាំ និងប្រកបដោយចីរភាព ដែលវិស័យទាំងអស់នេះជាស្នូលដល់កិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរ។
ក្នុងជំនួបនេះដែរ ភាគីទាំងពីរក៏មានការពិភាក្សាទៅការងារសិទ្ធិមនុស្ស ដំណើរការលទ្ធិប្រជាធិបតេយ្យ ដោយសារក្នុងពេលកាលពីឆ្នាំ២០២៣កន្លងទៅ កម្ពុជាបានដំណើរការរៀបចំបោះឆ្នោតត្រឹមត្រូវទៅតាមលទ្ធិប្រជាធិបតេយ្យ ហើយចំនួនប្រជាពលរដ្ឋចូលរួមបោះឆ្នោតដ៏ច្រើនលើសលប់ ដែលជាលទ្ធផលគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតក្នុងការបន្តដឹកនាំរាជរដ្ឋាភិបាល នីតិកាលទី៧ ដែលនេះសបញ្ជាក់ថា ដំណើរការបោះឆ្នោតឈរលើវិថីមួយដ៏ត្រឹមត្រូវ និងបានអនុញ្ញាតឱ្យគណបក្សប្រជាជនកម្ពុជាបានផ្ទេរពីការដឹករបស់អ្នកជំនាន់មិនទៅអ្នកជំនាន់ថ្មី ប្រកបដោយភាពស្វាហាប់ និងមានឆន្ទះច្បាស់លាស់ក្នុងវិស័យនយោបាយ ក្នុងគោលដៅបន្តសហការឱ្យបានថែមទៀតជាមួយសហភាពអឺរ៉ុប។
យ៉ាងណាមិញ ក្នុងជំនួបនៅថ្ងៃនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងបន្ថែមទៀតរវាងរដ្ឋាភិបាលសហភាពអឺរ៉ុបជាមួយរដ្ឋសភាកម្ពុជា ជាពិសេសប្រជាជនកម្ពុជាជាមួយប្រជាជននៅទ្វីបអឺរ៉ុប ក្នុងគោលដៅតភ្ជាប់រវាងតំបន់អាស៊ាន ជាមួយអឺរ៉ុបឱ្យមានភាពរឹងមាំ និងមានចំនួនប្រជាជនកាន់តែច្រើន ហើយក៏ជាដៃគូសេដ្ឋកិច្ចកាន់តែរីកចម្រើនជាងមុន៕
អត្ថបទ សេក ឧត្តម



