អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអង្គារ (១៤ ឧសភា) បានបង្ហាញពីទំនុកចិត្តទាំងស្រុងលើតួលេខអ្នកស្លាប់របស់ក្រសួងសុខាភិបាលហ្កាហ្សា ដែលជាទិន្នន័យរួមមានច្រើនជាង ៣៥.០០០ នាក់ ដោយនិយាយថាពួកគេពិតជាខិតទៅជិតការបញ្ជាក់ពីទំហំនៃការខាតបង់ពិតប្រាកដហើយ បន្ទាប់ពីអ៊ីស្រាអែល បានកែប្រែចំនួនអ្នកស្លាប់នោះ ហើយថាជារឿងក្លែងក្លាយ និងប្រឌិត។

ក្រសួងសុខាភិបាលរបស់ហ្កាហ្សា កាលពីសប្តាហ៍មុន បានធ្វើបច្ចុប្បន្នភាពការវិភាគរបស់ខ្លួនអំពីចំនួនអ្នកស្លាប់សរុបប្រហែល ៣៥.០០០ នាក់ ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ដោយនិយាយថារហូតមកដល់ពេលនេះ មនុស្សប្រហែល ២៥.០០០ នាក់ត្រូវបានគេកំណត់អត្តសញ្ញាណយ៉ាងពេញលេញ ដែលក្នុងនោះជាងពាក់កណ្តាលគឺជាស្ត្រី និងកុមារ។

នេះបានជំរុញឱ្យមានការចោទប្រកាន់ពីអ៊ីស្រាអែល ពីភាពមិនត្រឹមត្រូវនៃតួលេខអ្នកស្លាប់ ចាប់តាំងពីអាជ្ញាធរប៉ាឡេស្ទីន បានប៉ាន់ប្រមាណថាជាង ៧០ ភាគរយនៃអ្នកដែលត្រូវបានសម្លាប់គឺជាស្ត្រី និងកុមារ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានផ្សាយឡើងវិញនូវតួលេខប៉ាឡេស្ទីន ដែលចាប់តាំងពីពេលនោះមកមានអ្នកស្លាប់លើសពី ៣៥.០០០ នាក់ ដោយសម្អាងដល់ប្រភព។
ផ្អែកលើការបូកសរុបផ្ទាល់ខ្លួននៃទិន្នន័យចុងក្រោយបង្អស់របស់ប៉ាឡេស្ទីន អ្នកនាំពាក្យរបស់ WHO លោក គ្រីស្ទៀន លីនមៀ (Christian Lindmeier) បាននិយាយថា ជនរងគ្រោះប្រហែល ៦០ ភាគរយជាស្ត្រី និងកុមារ ប៉ុន្តែសាកសពជាច្រើនដែលកប់នៅក្រោមគំនរបាក់បែកទំនងជាចូលទៅក្នុងក្រុមមនុស្សទាំងនេះដែរ នៅពេលដែលពួកគេអាចត្រូវបានគេកំណត់អត្តសញ្ញាណជាក់លាក់៕
