ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៤នេះ បានរៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិស្តីពីគ្រួសារ ក្រោមប្រធានបទ «គ្រួសារជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច»។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានលើកឡើងថា គ្រួសារជាកោសិកាមួយដ៏សំខាន់ ជាកម្លាំងចលករសម្រាប់កសាងធនធានមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខុមាលភាពល្អ ដែលជាទ្រព្យសកម្ម ដើម្បីបន្តរក្សាបានសុខសន្តិភាព និងបង្កើនតម្លៃ សេដ្ឋកិច្ច លើកតម្លៃវប្បធម៌ បង្កើតគំនិតថ្មីៗ សំដៅឆ្ពោះទៅសម្រេចបាននូវគោលដៅចីរភាពរយៈពេលវែង នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី១៥ ខែឧសភា ជាទិវាអន្តរជាតិស្តីពីគ្រួសារ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលជានិច្ចកាល តែងតែទទួលស្គាល់គុណតម្លៃរបស់គ្រួសារ ជាកោសិកាសង្គមដ៏មានសារសំខាន់ក្នុងការអប់រំសីលធម៌ចរិយាធម៌ ដល់សមាជិកគ្រួសារ ដើម្បីក្លាយខ្លួនទៅជាប្រជាពលរដ្ឋល្អនៅក្នុងសង្គមជាតិ។
ឯកឧត្តមលើកឡើងដែរថា ជាការគិតគូពីសំណាក់រាជរដ្ឋាភិបាល កន្លងទៅពិសេសកំឡុងពេលរាតត្បាតនៃកូវីដ-១៩ ក៏ដូចជាបច្ចុប្បន្ន រាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តកម្មវិធីជំនួយសង្គមជាច្រើនបន្តបន្ទាប់។ គោលដៅសំខាន់គឺ ស្ដារជីវភាពរបស់ប្រជាជនទូទៅជាពិសេសប្រជាជនដែលរងគ្រោះ និងងាយរងគ្រោះ និងប្រជាជនក្រីក្រ។ ជាក់ស្ដែងក្នុងខែ មេសា ឆ្នាំ ២០២៤នេះ រាជរដ្ឋាភិបាល បានអនុវត្តកម្មវិធីជំនួយសង្គមថ្មី គឺកម្មវិធី «កញ្ចប់គ្រួសារ»។ ឯកឧត្តមបញ្ជាក់ថា កម្មវិធីជាតិជំនួយសង្គមទាំងនេះ បានស្តែងឱ្យឃើញច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញនូវគុណតម្លៃនៃការលើកកម្ពស់ឧត្តមប្រយោជន៍របស់គ្រួសារ និងការលើកស្ទួយកម្រិតជីវភាព រស់នៅរបស់ប្រជាជនគ្រប់រូប ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឋានៈតួនាទី និងនិន្នាការ នយោបាយ ដើម្បីរក្សាបាននូវតុល្យភាពសង្គម និងស្ថិរភាពជាតិ៕ អត្ថបទ៖ គឹមហុក



