ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA របស់កូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃពុធនេះថា មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃអង្គារ បានត្រួតពិនិត្យប្រព័ន្ធអាវុធមីស៊ីលតាកទិក ដែលនឹងត្រូវបានដំឡើងថ្មីនៅអង្គភាពមីស៊ីលនៃកងទ័ពរបស់ប្រទេស។

លោក Kim បានសម្តែងការពេញចិត្តចំពោះការផលិតប្រព័ន្ធមីស៊ីលនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ហើយបានបញ្ជាក់ថា វាមានសារៈសំខាន់ខ្លាំងក្នុងការអនុវត្តផែនការផលិតរបស់យោធា នៅឆ្នាំនេះ ដោយនិយាយថា វានឹងនាំមកនូវការទម្លាយភាពទាល់ច្រក ក្នុងការត្រៀមលក្ខណៈរបស់យោធាសម្រាប់សង្គ្រាម។

ប្រព័ន្ធផ្សព្វផ្សាយ KCNA បាននិយាយថា ជើងទម្របាញ់មីស៊ីល ដែលបានផលិតក្នុងឆមាសទីមួយនៃឆ្នាំនេះ នឹងត្រូវបានដំឡើងនៅអង្គភាពវាយលុកភាគខាងលិច ដែលទទួលបន្ទុក បេសកកម្មវាយលុកដ៏សំខាន់។
កាលពីសប្តាហ៍មុន លោក គីម បានត្រួតពិនិត្យប្រព័ន្ធអាវុធកាំភ្លើងធំរបស់ប្រទេស និងបានចូលរួមក្នុងការបាញ់សាកល្បងអាវុធប្រភេទនេះផងដែរ។