អ្នកជំនាញយោធាអាមេរិក បាននិយាយថា កងកម្លាំងរុស្ស៊ីដែលកំពុងរុលចូលទៅមុខ នៅជិតទីក្រុងខាគី ភាគឦសាននៃប្រទេសអ៊ុយក្រែន ទំនងជានឹងកំណត់ការជំរុញរបស់ពួកគេចំពោះការបង្កើតតំបន់ទ្រនាប់ យ៉ាងឆាប់រហ័សរវាងប្រទេសទាំងពីរ។

វិទ្យាស្ថានសម្រាប់ការសិក្សាសង្រ្គាម (ISW) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានសរសេរនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនកាលពីថ្ងៃចន្ទថា គោលដៅនោះ ទំនងជាត្រូវបានផ្តល់អាទិភាពលើការវាយលុកកាន់តែខ្លាំងឡើងចូលទៅនៅក្នុងតំបន់ខាគីវ។

រូបភាពភូមិសាស្ត្រដែលបានចេញផ្សាយកាលពីថ្ងៃទី ១៣ ខែឧសភា បង្ហាញថា កងកម្លាំងរុស្ស៊ីដែលឆ្លងកាត់ព្រំដែនកាលពីសប្តាហ៍មុន បានចូលដល់ទីក្រុង Hlyboke មានចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងខាគីវ ហើយបានលើកទង់ជាតិ នៅកណ្តាលភូមិនោះ។
រូបភាពបន្ថែមទៀត បានបង្ហាញថា ទាហានរុស្ស៊ី បានរុលទៅភាគនិរតីនៃភូមិ Oliynykove។ អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានរាយការណ៍ថា កងទ័ពរុស្ស៊ី បានទទួលជោគជ័យមួយចំនួននៅជិតភូមិ Lukyantsi នៅភាគខាងកើតនៃទីក្រុង Hlyboke។
រុស្ស៊ី បានបើកការវាយលុកចូលក្នុងតំបន់ខាគីវ កាលពីថ្ងៃទី ១០ ខែឧសភា បន្ទាប់ពីនោះមក ក្រសួងការពារជាតិ បានរាយការណ៍អំពីការដណ្តើមបានភូមិជាច្រើនមកកាន់កាប់។
យោងតាមប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelensky) យោធាកំពុងធ្វើអ្វីគ្រប់យ៉ាង នៅក្នុងអំណាចរបស់ខ្លួន ដើម្បីរារាំងប្រទេសរុស្ស៊ីពីការពង្រីកខ្សែត្រៀមជួរមុខ ហើយក៏បានធ្វើការវាយបកទៅវិញ។