លោក លី សៀនឡុង (Lee Hsien Loong)នាយករដ្ឋមន្ត្រី ដែលកាន់អំណាចជាច្រើនអាណត្តិរបស់សិង្ហបុរី កំពុងលាលែងពីតំណែង ដែលជាការបញ្ចប់យុគសម័យនយោបាយសម្រាប់ប្រទេសកោះមួយនេះ។ក្រោយកាន់អំណាចរយៈពេល ២០ឆ្នាំ លោក Lee នឹងប្រគល់តំណែងជាផ្លូវការទៅឱ្យឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក ឡរិន វង្ស (Lawrence Wong) នៅយប់ថ្ងៃពុធនេះ។ ចាប់តាំងពីក្លាយជាប្រទេសឯករាជ្យនៅឆ្នាំ១៩៦៥ សិង្ហបុរីមាននាយករដ្ឋមន្ត្រីតែបីប៉ុណ្ណោះ ដែលមេដឹកនាំទាំងអស់នោះ សុទ្ធតែមកពីគណបក្សកំពុងកាន់អំណាច សកម្មភាពប្រជាជន (PAP)។

នាយករដ្ឋមន្ត្រី ទីមួយ ជាឪពុករបស់លោក Lee តែម្ដង គឺលោក លី ខ្វាន់យូ (Lee Kuan Yew) ដែលត្រូវបានចាត់ទុកថាជាស្ថាបនិករបស់ប្រទេសសិង្ហបុរីទំនើប និងបានដឹកនាំប្រទេសអស់រយៈពេល ២៥ ឆ្នាំ។ ក្រុមអ្នកវិភាគនិយាយថា ការផ្ទេរអំណាចនេះ បង្ហាញពីការវិវត្តនៅក្នុងភាពជាអ្នកដឹកនាំនយោបាយរបស់ប្រទេសសិង្ហបុរី ខណៈប្រទេសនេះ ដើរចេញពីស្រមោលនៃការដឹកនាំរបស់គ្រួសារលោក Lee ទោះលោក Lee នឹងបន្តនៅក្នុងជួរគណៈរដ្ឋមន្ត្រី ជារដ្ឋមន្ត្រីជាន់ខ្ពស់ក៏ដោយ។

កាលពីចុងសប្តាហ៍នេះ នៅក្នុងបទសម្ភាសន៍ចុងក្រោយរបស់លោកក្នុងនាមជានាយករដ្ឋមន្ត្រីជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោកបានថ្លែងអំណរគុណដល់ប្រជាជនសិង្ហបុរីសម្រាប់ការគាំទ្រលើរូបលោក។ លោកបានថ្លែងថា ខ្ញុំពុំបានព្យាយាមរត់ឱ្យលឿនជាងអ្នកផ្សេងទេ។ ខ្ញុំបានព្យាយាមនាំមនុស្សគ្រប់គ្នាឱ្យរត់ជាមួយខ្ញុំ ។ ហើយខ្ញុំគិតថា យើងទទួលបានជោគជ័យមួយចំនួនហើយ។

លោកLee វ័យ ៧២ឆ្នាំ រូបនេះ បានបន្ថែមថា ខ្ញុំបានព្យាយាមធ្វើតាមវិធីរបស់ខ្ញុំ ក្នុងរបៀបផ្សេងពីឪពុករបស់ខ្ញុំ និងអ្នកកាន់តំណែងមុនផ្សេងទៀត គឺលោក ហ្គោ ចុក តុង ( Goh Chok Tong) ។
លោក Lee បានប្រឡូកក្នុងឆាកនយោបាយក្នុងឆ្នាំ ១៩៨៤ ជាសមាជិកសភា មួយរូប ខណៈឪពុករបស់លោកនៅតែកាន់អំណាច។ លោកបានឡើងឋានៈក្រោមនាយករដ្ឋមន្ត្រីទីពីររបស់សិង្ហបុរីគឺ លោក ហ្គោ មុនពេល លោក Lee ឡើងកាន់តំណែងក្នុងឆ្នាំ ២០០៤៕