មន្ទីរពេទ្យនៅតំបន់ហ្កាហ្សាភាគកណ្តាល បានរាយការណ៍ថា មនុស្ស ៤០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសចំនួនពីររបស់អ៊ីស្រាអែល នៅពេលយប់ ក្នុងចម្ងាយពីរបីរយម៉ែត្រពីគ្នា។

មន្ទីរពេទ្យ Al Aqsa បាននិយាយថា ខ្លួនបានទទួលសាកសពចំនួន ២៩នាក់ ពីការវាយប្រហារមួយ ដែលក្នុងនោះមាន ៩នាក់ជាកុមារ ខណៈដែលមន្ទីរពេទ្យ Al Awda បាននិយាយថា ខ្លួនបានទទួលសាកសពចំនួន ១១នាក់ បន្ទាប់ពីការវាយប្រហារលើកទី២។
សាក្សី បាននិយាយថា ការវាយប្រហារទាំងនោះ បានកើតឡើង នៅម៉ោងប្រហែល ១ ព្រឹក និង ២: ៤៥នាទីព្រឹកថ្ងៃអង្គារ ម៉ោងក្នុងស្រុក (ម៉ោង ៦ល្ងាច និង ៧:៤៥ ល្ងាចថ្ងៃចន្ទ)។

ក្រុមអ្នកជួយសង្គ្រោះ បានបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកសាកសព នៅក្រោមគំនរបាក់បែកនៃអគារ ៤ជាន់ នៅជំរំជនភៀសខ្លួន Nuseirat ដែលត្រូវបានកម្ទេចនៅក្នុងការវាយប្រហារលើកដំបូង។ សាក្សី បាននិយាយថា មនុស្សរាប់សិបនាក់ បានជ្រកក្នុងទីធ្លានៃអគារនោះ។
វីដេអូរបស់ទូរទស្សន៍ CNN បានបង្ហាញអ្នករងរបួស និងស្លាប់ ត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យ Al Aqsa Martyrs ខណៈវីដេអូផ្សេងទៀតបង្ហាញពីសាកសពកុមារជាច្រើននាក់ ត្រូវបានគេយកចេញពីបំណែកបាក់បែកនៃអគារនោះ។