នាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា នៃអគ្គនាយកដ្ឋានបេតិកភណ្ឌរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញវឌ្ឍនភាពការងារ សម្រាប់ត្រីមាសទី១ ក្នុងការថែរក្សា និងការពារនូវទីតាំងបុរាណដ្ឋាន ទាំងនៅលើដី ក្រោមដី និងក្រោមទឹក ក្នុងប្រទេសកម្ពុជា។

បើតាមលោក ឡេង វិទូ ប្រធានស្តីទី នាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា បានថ្លែងប្រាប់BTV ព័ត៌មាននាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះថា ការស្រាវជ្រាវបុរាណវិទ្យា រួមមាន៖ កំណាយបង្ការនៅស្ថិតក្នុងទីធ្លារសាលាស្រុកអង្គរបុរី ខេត្តតាកែវ, កំណាយស្រាវជ្រាវនៅភ្នំចាស់ ខេត្តកំពង់ស្ពឺ, សហការស្រាវជ្រាវជាមួយសាលាបារាំងចុងបូព៌ាប្រទេស, ការងារបណ្តុះបណ្តាល និងផ្សព្វផ្សាយ, រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីលទ្ធផលស្រាវជ្រាវថ្មីក្នុងវិស័យបុរាណវិទ្យា និងពិនិត្យ និងដោះស្រាវវិវាទដីធ្លីទួលបុរាណមួយចំនួនតាមបណ្តាខេត្ត។

លោក បន្តថា ការកំណាយបង្ការនៅស្ថិតក្នុងទីធ្លារសាលាស្រុកអង្គរបុរី ខេត្តតាកែវកំណាយបង្ការនេះមានគោលបំណងក្នុងការបញ្ជៀសផលប៉ះពាល់ផ្នែកបុរាណវិទ្យាលើទីតាំងអាគារ(វិហារចាស់) បច្ចុប្បន្នស្ថិតក្នុងទីធ្លាសាលាស្រុកអង្គរបុរី។ ទីតាំងខាងលើគ្រោងមានការជួសជុលសំណង់ចាស់ ដើម្បីយកមកប្រើប្រាស់ឡើងវិញ និងសាងសង់បន្ទប់ទឹកជិតទីតាំងនោះមួយកន្លែងសម្រាប់បម្រើដល់សាធារណជន ស្ថិតក្រោមគម្រោងអភិវឌ្ឍន៍របស់ធានាគារអភិវឌ្ឍអាស៊ី (ADB)។ ចំណុចមួយទៀតដើម្បីសិក្សាស្រាវជ្រាវ ប្រមូលទិន្នន័យផ្នែកបុរាណវិទ្យា ដែលជាធាតុផ្សំមួយក្នុងការចងក្រងព័ត៌មានបច្ចេកទេសលើទីតាំងផ្ទាល់ និងចងក្រងទុកជាឯកសារ និងបន្តផ្សព្វផ្សាយទិន្នន័យនៃរបបគំហើញថ្មីនេះ។ ជាក់ស្តែងទីតាំងស្រុកអង្គរបុរី ជាក្រុងបុរាណ ហើយមានវត្តមានមនុស្សរស់នៅតាំងពីសម័យបុរេប្រវត្តិសាស្រ្តមកម្ល៉េះ។ ចំណែកការធ្វើកំណាយស្រាវជ្រាវនៅភ្នំចាស់ ខេត្តកំពង់ស្ពឺ

ក្រោមជំនួយឧបត្ថមពីក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា បានធ្វើកំណាយស្រាវជ្រាវនៅទីតាំងភ្នំចាស់ ខេត្តកំពង់ស្ពឺ។ ក្នុងគោលបំណងនៃការធ្វើកំណាយនេះ គឺដើម្បីសិក្សាស្រាវជ្រាវ ប្រមូលទិន្នន័យផ្នែកបុរាណវិទ្យាទាក់ទង និងតំបន់រមណីដ្ឋានភ្នំចាស់ ដែលជាធាតុផ្សំមួយក្នុងការចងក្រងព័ត៌មានបច្ចេកទេសលើទីតាំងផ្ទាល់ និងចងក្រងទុកជាឯកសារ និងបន្តផ្សព្វផ្សាយទិន្នន័យនៃរបបគំហើញការស្រាវជ្រាវនេះ។ លទ្ធផលបឋមតាមរយៈការសិក្សា និងការធ្វើកំណាយនេះ យើងរកឃើញ ឧបករណ៍ថ្មចំនួន១ បំណែកកុលាលភាជន៍មួយចំនួន និងបំណែកឆ្អឹងសត្វមួយចំនួនផងដែរ។

ភស្តុតាងទាំងនេះអាចបញ្ជាក់បានថា តំបន់នេះមានការប្រើប្រាស់ និងតាំងទីរបស់មនុស្សសម័យបុរេប្រវត្តិសាស្រ្ត។ ចំពោះឧបករណ៍ថ្ម និងបំណែកកុលាលភាជន៍ ត្រូវបានបញ្ជូនទៅធ្វើការវិភាគនៅប្រទេសអូស្រ្តាលី ដើម្បីវិភាគរកអាយុកាល និងមុខងារនៃប្រើប្រាស់របស់ឧបករណ៍ថ្ម។ ជាមួយគ្នានោះនាយកដ្ឋាន ក៏បានសហការស្រាវជ្រាវជាមួយសាលាបារាំងចុងបូព៌ាប្រទេស ចាប់តាំងពីឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្នក្រុមការងារស្រាវជ្រាវទាំងពីរស្ថាប័នបានសិក្សាស្រាវជ្រាវរកឃើញតំបន់សំខាន់ៗចំនួន៥ ស្ថិតក្នុងតំបន់ស្រុកឆែប ខេត្តព្រះវិហារ។ តំបន់ទី១ គឺត្រពាំងជាន់សន្លុង ទំហំប្រមាណជាង១០ហិកតា ដែលមានត្រពាំងបុរាណចំនួន២ ទួលអាចម៍ដែក និងទង់ដែងជាង១០០។ តំបន់ទី២ គឺ ភ្នំយក្សព្រៅ ទំហំប្រមាណជាង៣៥ហិកតា ដែលមានភ្នំយក្សព្រៅ តំបន់រ៉ែទង់ដែង និងរ៉ែដែង និងមានទួលអាចម៌ដែកនិងទង់ដែងសរុបចំនួន៣០។

តំបន់ទី៣ គឺឆែប០០១ ទំហំប្រមាណជាង៦ហិកតា ជាទីតាំងយករ៉ែដែក។ តំបន់ទី៤ គឺត្រពាំងស្វាយទោល ទំហំប្រមាណជាង១០ហិកតា ដែលមានទួលអាចម៍ដែកចំនួន១០ នៅក្បែរត្រពាំងស្វាយទោល និងតំបន់ទី៥ គឺភ្នំជ្រាប់ផ្តៅ ទំហំ៨,៥ហិកតា ជាទីតាំងយករ៉ែទង់ដែងបុរាណដ៏ធំ ដែលមានបណ្តោយប្រវែង២០០ម៉ែត្រ ទទឹងប្រវែង៦០ម៉ែត្រ និងជម្រៅរហូតដល់២៥ម៉ែត្រ។ នៅតំបន់នេះក៏ជាការដ្ឋានយកថ្មបាយក្រៀមបុរាណផងដែរ។ តំបន់យករ៉ែ និងផលិតលោហៈ ក្នុងស្រុកឆែប គឺជាតំបន់បេតិកភណ្ឌតែមួយគត់ និងដំបូងគេ ដែលមានទាំងកន្លែងយករ៉ែ និងកន្លែងផលិតទង់ដែងនៅជិតគ្នា។ តំបន់នេះជាទីតាំងដ៏សំខាន់មួយដែលផលិតទង់ដែង សម្រាប់ផ្គត់ផ្គង់ដល់ចក្រភពអង្គរ។ បច្ចុប្បន្ននៅអាស៊ីអាគ្នេយ៍ គេរកឃើញអណ្តូងរ៉ែទង់ដែងបុរាណខ្នាតធំចំនួន៤ គឺនៅក្នុងប្រទេសថៃ នៅជ្រលងភ្នំ Khao Wong Prachan ខេត្ត Lopburi និងជ្រលងភ្នំPhu Lon ខេត្ត Nong Khai ក្នុងប្រទេសឡាវ ក្នុងខេត្ត Savannakhet និងនៅព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។

ជាចុងក្រោយប្រធានស្តីទី នាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា បានបញ្ជាក់ថា ទិសដៅផែនការការងារបន្តនាឆ្នាំ២០២៤នេះ គឺនាយកដ្ឋានគ្រោងនឹងធ្វើកំណាយស្រាវជ្រាវនៅក្នុងខេត្តពោធិ៍សាត់ និងផ្ទៀងផ្ទាត់ និងកំណត់ដែនរក្សាការពារស្ថានីយបុរាណនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងធ្វើការផ្សព្វផ្សាយនូវលទ្ធផលស្រាវជ្រាវ លទ្ធផលនៃការកំណត់ដែនរក្សាការពារ និងអត្ថប្រយោជន៍និងគុណតម្លៃនៃបេតិកភណ្ឌជាតិជូនទៅដល់អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕ អត្ថបទ រដ្ឋា





