ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បាននិយាយនៅថ្ងៃពុធ (១៥ ឧសភា) នេះថា សីតុណ្ហភាពដ៏ខ្លាំងក្លានៅទូទាំងអាស៊ី កាលពីខែមុន គឺកាន់តែអាក្រក់ទៅៗ ហើយទំនងជាលទ្ធផលនៃបម្រែបម្រួលអាកាសធាតុដែលជំរុញដោយមនុស្ស។

អ្នកជំនាញអាកាសធាតុមកពីក្រុមវាយតម្លៃអាកាសធាតុពិភពលោកនេះបាននិយាយនៅក្នុងរបាយការណ៍មួយថា មនុស្សរាប់ពាន់លាននាក់នៅទូទាំងទ្វីបត្រូវបានរងផលប៉ះពាល់ដោយសីតុណ្ហភាពបំបែកកំណត់ត្រាក្នុងអំឡុងខែមេសា ដោយសាលារៀនត្រូវបានបង្ខំឱ្យបិទ ដំណាំខូចខាត និងមនុស្សរាប់រយនាក់បានស្លាប់ដោយសារជំងឺទាក់ទងនឹងកម្ដៅ។

ពួកគេបាននិយាយថា ប្រទេសមីយ៉ាន់ម៉ា ឡាវ និងវៀតណាម បានជួបប្រទះថ្ងៃក្តៅបំផុតក្នុងខែមេសា របស់ពួកគេក្នុងកំណត់ត្រា ខណៈដែលសីតុណ្ហភាពនៅក្នុងប្រទេសឥណ្ឌា ឡើងដល់ ៤៦ អង្សាសេ។ នៅក្នុងប្រទេសហ្វីលីពីន ដែលរងគ្រោះខ្លាំងជាងគេ អាជ្ញាធរបានចេញការព្រមានសុខភាព បិទសាលារៀន និងការផ្គត់ផ្គង់អគ្គិសនី ខណៈដែលសីតុណ្ហភាពកើនឡើងបានគំរាមកំហែងបណ្តាញអគ្គិសនីរបស់ប្រទេស។

របាយការណ៍នោះបានបន្ថែមថា រលកកម្តៅរយៈពេល ១៥ ថ្ងៃ ដែលបានចាប់ផ្តើមនៅពាក់កណ្តាលខែនោះ នឹងមិនអាចទៅរួចនោះទេ ទោះបីជាស្ថិតនៅក្រោមលក្ខខណ្ឌ អ៊ែលនីញ៉ូ (El Nino) ក៏ដោយ បើមិនមានផលប៉ះពាល់នៃការឡើងកម្ដៅផែនដីដែលបង្កើតឡើងដោយមនុស្សជួយរុញច្រានបន្ថែម៕