អាជ្ញាធរបាននិយាយថា រថយន្តក្រុងដឹកកម្មករកសិដ្ឋាននៅភាគខាងជើងរដ្ឋហ្វ្លរីដា (Florida) របស់សហរដ្ឋអាមេរិក បានបុកជាមួយរថយន្តភីកអាប់មួយគ្រឿងកាលពីថ្ងៃអង្គារ (១៤ ឧសភា) ហើយបានក្រឡាប់ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៨ នាក់ និងមនុស្ស ៨ នាក់ផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។

អ្នកបើកបររថយន្តភីកអាប់ ឈ្មោះ ប្រាយអ៊ិន មែកឃ្លីន ហូវើដ (Bryan Maclean Howard) ត្រូវបានចាប់ខ្លួនដោយទាហានល្បាតផ្លូវហាយវេរដ្ឋហ្វ្លរីដា ពីបទមនុស្សឃាតចំនួន ៨ ករណី ខណៈពេលកំពុងបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់នាយកប្រតិបត្តិនៃនាយកដ្ឋានសុវត្ថិភាពផ្លូវហាយវេ និងយានជំនិះនៅរដ្ឋហ្វ្លរីដា។

ទីភ្នាក់ងារអគ្គិភ័យ និងជួយសង្រ្គោះក្នុងតំបន់ (MCFR) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រៅពីមនុស្សប្រាំបីនាក់បានស្លាប់ និងប្រាំបីនាក់រងរបួសធ្ងន់ធ្ងរ អ្នកដំណើរក្នុងរថយន្តក្រុងចំនួន ៣៧ នាក់ផ្សេងទៀតត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យជាមួយនឹងរបួសដែលមិនគំរាមកំហែងដល់អាយុជីវិត។

លោក ស្ទីវ ហ្គាសស្គីនស៍ (Steve Gaskins) អ្នកនាំពាក្យរបស់សេវាល្បាតផ្លូវហាយវេរដ្ឋ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រថយន្តក្រុងនោះបានបុករបងទ្រូងផ្លូវ ហើយទៅប៉ះនឹងរថយន្តភីកអាប់មួយគ្រឿង រួចក៏បានក្រឡាប់ចេញពីផ្លូវ បង្កជាគ្រោះថ្នាក់នេះឡើង៕