ភ្នំពេញ ៖ នៅក្នុងពិភាក្សាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានធ្វើឡើងនៅប្រព្រឹត្តទៅអង្គការសហប្រជាជាតិ ទីក្រុងហ្សឺណែវ ប្រទេសចំនួន១៧ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានគាំទ្រវឌ្ឍនភាពកម្ពុជាស្តីពីការលើកកម្ពស់ការការពារសិទ្ធិមនុស្ស។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២ ខែតុលា ប្រទេសចំនួន១៧ រួមទាំងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានថ្លែងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនិងវឌ្ឍនភាពរបស់ប្រទេសកម្ពុជា ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ក្នុងនោះ ពាក់ព័ន្ធនឹងការឆ្លើយតបទៅ នឹងជំងឺកូវីដ១៩ វិធានការជំរុញសេដ្ឋកិច្ច ការគាំទ្រសង្គម និងគំនិតផ្ដួចផ្ដើមកំណែ ទម្រង់យុត្តិធម៌ ជាដើម រាជរដ្ឋាភិបាលបានអនុវត្តប្រកបដោយ លក្ខណៈមានតុល្យភាព និងស្របទៅតាមច្បាប់។
សេចក្តីប្រកាសព័ត៌មានដដែល បានបន្តថា នៅកិច្ចប្រជុំនោះដែរ វាគ្មិនក៏បានស្វាគមន៍ចំពោះការរៀបចំវេទិកាភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ព្រមទាំងក្រុមការងារដែលពិនិត្យនិងសិក្សានូវការស្នើសុំធ្វើវិសោធនកម្មលើច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។ គណៈប្រតិភូកម្ពុជា បានសង្កត់ធ្ងន់នៅក្នុងកម្មវិធីនោះដែរថា វិធីសាស្ត្រធ្វើការរបស់អ្នករាយការណ៍ពិសេសគួរតែមានតុល្យភាពនិងមានលក្ខណៈស្ថាបនា ដោយគិតពិចារណានូវទស្សនៈ របស់រដ្ឋាភិបាល និងស្ថានភាពរបស់ប្រទេស ។
សេចក្តីប្រកាសព័ត៌មាននេះ បានបន្ថែមថា ក្រោយកិច្ចប្រជុំពិភាក្សារបស់អង្គការសហប្រជាជាតិលើវិស័យសិទ្ធិមនុស្សនៅកម្ពុជា ស្ទើរគ្រប់ប្រទេសទាំងអស់ បានថ្លែងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ និងការចូលរួមរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នករាយការណ៍ពិសេសនិងយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិផងដែរ៕
អត្ថបទ ៖ សេក ឧត្តម
