ទីក្រុងតៃប៉ិ និយាយនៅថ្ងៃពុធនេះថា ខ្លួនបានប្រទះឃើញយន្តហោះយោធាចិនចំនួន ៤៥ គ្រឿងនៅជុំវិញកោះតៃវ៉ាន់ ជាចំនួនច្រើនបំផុតនៅថ្ងៃតែមួយនៅក្នុងឆ្នាំនេះ ហើយកើតមានឡើងមិនដល់មួយសប្តាហ៍នោះទេ មុនពេលដែលកោះនេះរៀបចំការឡើងកាន់តំណែងមេដឹកនាំថ្មី ជាអ្នកដែលប្រទេសចិនចាត់ទុកថាជា «អ្នកផ្តាច់ខ្លួនដ៏គ្រោះថ្នាក់»។ ប្រទេសចិន បានអះអាងសិទ្ធចំពោះកោះតៃវ៉ាន់ ថាជាផ្នែកមួយនៃដែនដីរបស់ខ្លួន និងបាននិយាយថា ខ្លួននឹងមិនបោះបង់ចោលការប្រើកម្លាំងនោះទេ ដើម្បីក្រសោបកោះនេះ ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំង។

ប្រទេសចិន បានព្រមានថា លោក ឡៃ ឈីងទឺ(Lai Ching-te) ដែលជាមេដឹកនាំទី២បច្ចុប្បន្ន ជាអ្នកដែលនឹងស្បថចូលកាន់តំណែងកំពូលរបស់កោះតៃវ៉ាន់នៅថ្ងៃទី ២០ ខែឧសភា នឹងនាំមកនូវ «សង្រ្គាមនិងការធ្លាក់ចុះ» ចំពោះកោះនេះ ហើយភាពតានតឹងបានកើនឡើង ចាប់តាំងពីលោកបានទទួលជ័យជំម្នះក្នុងការបោះឆ្នោត កាលពីខែមករា។

នៅថ្ងៃពុធនេះ ក្រសួងការពារជាតិ ទីក្រុងតៃប៉ិ បាននិយាយថា ខ្លួនបានប្រទះឃើញយន្តហោះចិនចំនួន៤៥គ្រឿង និងនាវាកងទ័ពជើងទឹកចំនួន៦គ្រឿង ដែលកំពុងធ្វើប្រតិបត្តិការនៅជុំវិញកោះតៃវ៉ាន់ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ។ យន្តហោះ២៦គ្រឿង បានឆ្លងកាត់ខ្សែបន្ទាត់មេដ្យាន នៃច្រកសមុទ្រតៃវ៉ាន់។ ក្រសួង និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយសំដៅលើខ្សែបន្ទាត់ដែលពុះចែកផ្លូវទឹកប្រវែង១៨០ គីឡូម៉ែត្រ បែងចែកកោះតៃវ៉ាន់ ចេញពីប្រទេសចិន។
ក្រសួងបាននិយាយថា ក្រសួងបាន តាមដានស្ថានភាព និងឆ្លើយតប ហើយកាលពីល្ងាចថ្ងៃអង្គារ ក្រសួងបាននិយាយថា យន្តហោះចិនចំនួន ២៣ គ្រឿង រួមទាំងយន្តហោះចម្បាំង និងយានដ្រូន ត្រូវបានប្រទះឃើញនៅជុំវិញកោះតៃវ៉ាន់ ក្នុងអំឡុងរយៈពេលពីរម៉ោង។