នាយករដ្ឋមន្ត្រីប្រទេសប៉ូឡូញ លោក ដូណាល់ ថាស់(Donald Tusk) បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសប៉ូឡូញ នឹងមិនទទួលយកជនអន្តោប្រវេសន៍ណាម្នាក់ឡើយ នៅក្រោមកតិកាសញ្ញាថ្មី របស់សហភាពអឺរ៉ុប ស្តីពីការធ្វើអន្តោប្រវេសន៍ និងសិទ្ធិជ្រកកោន។

លោក Tusk បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា រដ្ឋាភិបាលរបស់លោក បានបោះឆ្នោតប្រឆាំងកតិកាសញ្ញានេះ។ លោក និយាយថា កតិកាសញ្ញានេះ ត្រូវបានអនុម័ត ខណៈបច្ចុប្បន្ន ផ្តល់ឱកាសឱ្យប្រទេសប៉ូឡូញបញ្ចៀសផលវិបាកអវិជ្ជមានណាមួយ។ ប្រទេសប៉ូឡូញ នឹងក្លាយជាអ្នកទទួលផលនៃកតិកាសញ្ញានេះ។
លោកបានបញ្ជាក់ថា ប្រទេសប៉ូឡូញ ដែលបានទទួលយកជនអន្តោប្រវេសន៍រាប់ម៉ឺននាក់ នឹងពុំមានកាតព្វកិច្ចដើម្បីទទួលយកជនអន្តោប្រវេសន៍បន្ថែមទៀតនោះទេ ហើយសហភាពអឺរ៉ុប នឹងមិនដាក់កូតាអន្តោប្រវេសន៍ណាមួយមកលើប្រទេសប៉ូឡូញឡើយ។

លោកនាយករដ្ឋមន្ត្រី បាននិយាយថា ប្រទេសរបស់លោក នឹងអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហភាពអឺរ៉ុប ទាក់ទងទៅនឹងការទទួលជនអន្តោប្រវេសន៍មកពីប្រទេសជិតខាងភាគខាងកើតរបស់ប្លុកនេះ។
នីតិប្បញ្ញត្តិចំនួន១០ ដែលធ្វើកំណែទម្រង់ក្របខ័ណ្ឌអឺរ៉ុបសម្រាប់ការគ្រប់គ្រងសិទ្ធិជ្រកកោន និងការធ្វើអន្តោប្រវេសន៍ ត្រូវបានអនុម័តដោយរដ្ឋជាសមាជិកកាលពីថ្ងៃអង្គារ។ កតិកាសញ្ញាថ្មី ព្យាយាមរឹត្បិតព្រំដែនកាន់តែតឹងរ៉ឹង និងការទទួលខុសត្រូវរួមគ្នាសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន ក្នុងចំណោមសមាជិកសហភាពអឺរ៉ុប។