
លោក Mikhail Razvozhayev អភិបាលនៃតំបន់កំពង់ផែគ្រីម៉េដែលតែងតាំងដោយរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងទ័ពអាកាសរុស្ស៊ី បានវាយលុកការវាយប្រហារតាមអាកាស «ដ៏ធំ» របស់អ៊ុយក្រែនលើទីក្រុង Sevastopol ទោះបីជាមានបំណែកពីមីស៊ីលមួយគ្រាប់ បានធ្លាក់ទៅលើតំបន់លំនៅឋាន ក៏ដោយ។
លោក Razvozhayev បាននិយាយនៅលើបណ្តាញផ្ញើសារ Telegram របស់ខ្លួនថា នេះបើតាមព័ត៌មានបឋម ពុំមានអ្នករងរបួសទេ។ លោកបានបន្ថែមថា៖«វត្ថុនៅលើអាកាសជាច្រើន» ត្រូវបានបំផ្លាញដោយប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីនៅលើសមុទ្រខ្មៅ នៅពេលពេញយប់។
ទំហំនៃការវាយប្រហារ និងទំហំនៃការខូចខាត មិនត្រូវបានគេដឹងភ្លាមៗទេ។ រុស្ស៊ី បានបញ្ចូលគ្រីម៉េពីអ៊ុយក្រែនជាឧបសម្ព័ន្ធរបស់ខ្លួន កាលពី១០ឆ្នាំមុន ក្នុងចំណាត់ការមួយដែលបានថ្កោលទោសយ៉ាងទូលំទូលាយដោយសម្ព័ន្ធមិត្តលោកខាងលិចរបស់ក្រុងគីវ។
សារព័ត៌មានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់របាយការណ៍របស់លោក Razvozhayev ដោយឯករាជ្យបានទេ ហើយក៏ពុំមានការអត្ថាធិប្បាយភ្លាមៗពីអ៊ុយក្រែនដែរ។
ទាំងអ៊ុយក្រែន និងរុស្ស៊ី បាននិយាយថា ពួកគេមិនកំណត់គោលដៅជនស៊ីវិល នៅក្នុងសង្គ្រាមដែលបានផ្ទុះឡើង នៅពេលដែលរុស្ស៊ី បានឈ្លានពានប្រទេសជិតខាងតូចជាងរបស់ខ្លួន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ដែលទីក្រុងមូស្គូ បានហៅថា ជា «ប្រតិបត្តិការយោធាពិសេស»។
សង្គ្រាមនេះ បានសម្លាប់មនុស្សរាប់ពាន់នាក់ ជម្លៀសរាប់លាននាក់ និងបានប្រែក្លាយទីក្រុងជាច្រើនរបស់ អ៊ុយក្រែន ឲ្យទៅជាគំនរបាក់បែក។