
ទូរទស្សន៍របស់ដែនដីប៉ាឡេស្ទីន បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់៤០នាក់ បានស្លាប់ និងច្រើននាក់ទៀតរងរបួស បន្ទាប់ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅពេលពាក់កណ្តាលអាធ្រាតទៅលើជំរំជនភៀសខ្លួន Nuseirat នៅតំបន់ហ្កាហ្សាភាគកណ្តាល។
យន្តហោះចម្បាំងរបស់អ៊ីស្រាអែល ក៏បានទម្លាក់គ្រាប់បែកលើអគារលំនៅឋានដែលជាកម្មសិទ្ធិរបស់គ្រួសារមួយនៅភាគខាងត្បូងជំរុំ Nuseirat ដោយមានកុមារស្ថិតក្នុងចំណោមអ្នកស្លាប់និងរងរបួស។
កងទ័ពអ៊ីស្រាអែល បានវាយប្រហារជំរំ Nuseirat ម្តងហើយម្តងទៀត។
នៅក្នុងការវាយប្រហារកាលពីពេលថ្មីៗនេះ យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានកំណត់គោលដៅលើលំនៅឋានប្រជាជននៅក្នុងជំរំជនភៀសខ្លួន ដោយប្រើប្រាស់មីស៊ីលជាច្រើនគ្រាប់ បានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងតិច៩នាក់ រួមទាំងកុមារ៤នាក់ និងរងរបួស៣០នាក់ផ្សេងទៀត។
យោងតាមអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សាបាននិយាយថា ចំនួនប្រជាជនប៉ាឡេស្ទីនស្លាប់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលដែលនៅបន្តលើតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងលើសពី ៣៥.០០០នាក់។