
វីដេអូសាក្សីដែលថតបាន កាលពីថ្ងៃអង្គារ (១៤ ឧសភា) និងថ្ងៃពុធ (១៥ ឧសភា) បង្ហាញពីទិដ្ឋភាពដ៏អាក្រក់នៅរដ្ឋធានី Noumea របស់ដែនដី New Caledonia បន្ទាប់ពីមានកុបកម្មមួយយប់ បើទោះបីជាមានបម្រាមគោចរក៏ដោយ ខណៈដែលរដ្ឋសភារបស់ប្រទេសបារាំង បានអនុម័តការផ្លាស់ប្តូរច្បាប់បោះឆ្នោត នៅកោះប៉ាស៊ីហ្វិកមួយនេះ។
វីដេអូដែលទទួលបានដោយសារព័ត៌មាន Reuters បានបង្ហាញពីរូបភាពនៃទិដ្ឋភាព នៅពេលសាក្សីបានបើកឡានជុំវិញទីក្រុង Noumea ដោយចាប់យកទិដ្ឋភាពនៃភ្លើងដែលកំពុងឆេះ ផ្លូវដែលពោរពេញដោយកម្ទេចកម្ទី និងមុខហាងដែលរងការខូចខាតដោយបង្អួចបាក់បែក។ រដ្ឋបាលដែនដី New Caledonia បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សាលារៀននឹងបិទទ្វារ ដោយសារសាលាមួយចំនួនរងការខូចខាត។
គួរបញ្ជាក់ថា សមាជិកសភានៅទីក្រុងប៉ារីស បានបោះឆ្នោតគាំទ្រដោយសំឡេង ៣៥១ ទល់នឹង ១៥៣ លើសេចក្ដីស្នើច្បាប់ ដើម្បីអនុញ្ញាតឲ្យប្រជាជនបារាំងដែលរស់នៅដែនដី New Caledonia អស់រយៈពេល ១០ឆ្នាំ អាចបោះឆ្នោតនៅក្នុងការបោះឆ្នោតថ្នាក់ខេត្ត ពោលគឺជាការផ្លាស់ប្តូរ ដែលមេដឹកនាំក្នុងតំបន់មួយចំនួនភ័យខ្លាចនឹងធ្វើឲ្យការបោះឆ្នោតជនជាតិដើមភាគតិច Kanak ថយចុះ។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានថ្កោលទោសអំពើហិង្សានេះ ហើយបានអំពាវនាវឲ្យរក្សាស្ងប់ស្ងាត់ នៅក្នុងលិខិតមួយផ្ញើទៅកាន់មន្ត្រីដែនដី New Caledonia ដែលត្រូវបានផ្សព្វផ្សាយនៅលើគណនី Facebook របស់សមាជិកសភាម្នាក់។ ក្រុមនយោបាយគាំទ្រឯករាជ្យដ៏ធំ FLNKS ក៏បានថ្កោលទោសអំពើហិង្សានេះដែរ ហើយបានអំពាវនាវឲ្យបាតុករដកការបិទផ្លូវចេញ៕