
សារព័ត៌មាន Politico បានរាយការណ៍ថា មន្ត្រីសភាអ៊ុយក្រែន កំពុងជំរុញឲ្យរដ្ឋបាលលោក បៃដិន (Biden) ដកការរឹតបន្តឹងលើគោលដៅវាយប្រហារចំពោះទីក្រុងគីវ ដើម្បីឲ្យទីក្រុងនេះអាចវាយប្រហារគោលដៅនានានៅក្នុងទឹកដីរុស្ស៊ី ជាមួយនឹងអាវុធរបស់សហរដ្ឋអាមេរិក។
នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ សារព័ត៌មាននេះ បានដកស្រង់សម្តីសមាជិកសភាពីររូប គឺលោក David Arakhamia និង លោក Oleksandra Ustinova ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីប្រមូលការគាំទ្រសម្រាប់សំណើនេះ។
លោក Ustinova ប្រធានគណៈកម្មការសភាពិសេសរបស់អ៊ុយក្រែនទទួលបន្ទុកអាវុធ និងគ្រាប់រំសេវ និងជាមេដឹកនាំគណបក្សប្រឆាំង Holos បាននិយាយម្តងហើយម្តងទៀតអំពីការតស៊ូដែលទីក្រុងគីវ បានជួបប្រទះ ដោយសារតែការហាមឃាត់លើការវាយប្រហារ។
លោក Ustinova បានប្រាប់សារព័ត៌មាន Politico ថា៖«យើងបានឃើញយោធារបស់ពួកគេឈរជើង នៅចម្ងាយមួយ ឬពីរគីឡូម៉ែត្រពីព្រំដែនក្នុងប្រទេសរុស្ស៊ី ហើយយើងមិនអាចធ្វើអ្វីបានចំពោះរឿងនេះ»។
រុស្សីបានបើកការវាយលុកនៅតំបន់ក្រុងគីវភាគឦសាន កាលពីចុងសប្តាហ៍ ដោយបានកាន់កាប់កន្លែងតាំងទីលំនៅជាច្រើន និងគោលដៅលើស្ពានមួយចំនួន នៅក្នុងតំបន់។ ការលុកលុយជាថ្មី កើតឡើងជាងមួយឆ្នាំ បន្ទាប់ពីអ៊ុយក្រែនដណ្តើមយកតំបន់នេះមកវិញ នៅពាក់កណ្តាលឆ្នាំ ២០២២។