
រុស្ស៊ី នៅថ្ងៃពុធ (ទី១៥ ខែឧសភា) នេះ បានព្រមានសហភាពអឺរ៉ុប (EU) ថា ប្រសិនបើប្លុកនេះដាក់កម្រិតលើប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនោះ អ្នករាយការណ៍លោកខាងលិចនៅក្នុងប្រទេសរុស្ស៊ី នឹងទទួលរងនូវការឆ្លើយតបយ៉ាងរហ័ស ខ្លាំងក្លា និងគួរឲ្យខ្លាចពីរដ្ឋរុស្ស៊ី។
គួរបញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍ កាលថ្ងៃទី៦ ខែឧសភាថា អនុប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Vera Jourova បាននិយាយថា EU នឹងដាក់ទណ្ឌកម្មប្រព័ន្ធផ្សព្វផ្សាយ Voice of Europe រួមជាមួយនឹងសារព័ត៌មាន Rossiiskaya Gazeta, Ria Novosti និង Izvestia។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានប្រាប់ថា អ្នកឆ្លើយឆ្លងព័ត៌មានលោកខាងលិច នៅទីក្រុងមូស្គូ នឹងទទួលរងនូវការឆ្លើយតប ប្រសិនបើ EU ចាត់វិធានការប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី។
លោកស្រី Zakharova បាននិយាយថា៖ «ប្រសិនបើវិធានការទាំងនេះត្រូវបានធ្វើឡើងប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី និងអ្នកសារព័ត៌មានរុស្ស៊ីនោះ បើទោះបីអ្នកឆ្លើយឆ្លងព័ត៌មានលោកខាងលិចមិនចង់បានក៏ដោយ ក៏ពួកគេនឹងត្រូវទទួលរងនូវវិធានការសងសឹករបស់យើងដែរ»។
លោកស្រី Zakharova បានបន្ថែមថា៖ «ពួកគេទទួលបាននូវក្ដីស្រឡាញ់របស់យើង កាលពីមុន ប៉ុន្តែឥឡូវនេះ ពួកគេនឹងត្រូវទទួលបាននូវឆ្លើយតបសងសឹក។ យើងនឹងឆ្លើយតបជាមួយនឹងល្បឿនលឿនដូចផ្លេកបន្ទោរ និងគួរឲ្យខ្លាចខ្លាំងបំផុត ចំពោះអ្នកសារព័ត៌មានលោកខាងលិច»។
លោកស្រី Zakharova បានបញ្ជាក់ថា រាល់វិធានការណាមួយ ដែលចេញដើម្បីរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនោះ នឹងនាំឲ្យមានការឆ្លើយតបភ្លាមៗ នៅក្នុងប្រទេសរុស្ស៊ី ប្រឆាំងនឹងអ្នកឆ្លើយឆ្លងព័ត៌មានលោកខាងលិច៕