
សារព័ត៌មាន Bloomberg News នៅថ្ងៃពុធ (ទី១៥ ខែឧសភា) នេះ បានរាយការណ៍ថា ប្រទេសចិនកំពុងពិចារណាផែនការ ដើម្បីឲ្យរដ្ឋបាលក្នុងតំបន់ទូទាំងប្រទេសទិញលំនៅឋានរាប់លានខ្នងដែលលក់មិនដាច់ បន្ទាប់ពីកិច្ចប្រជុំរបស់មេដឹកនាំនៃបក្សកុម្មុយនីស្តដែលកំពុងកាន់អំណាច បានអំពាវនាវឲ្យមានការខិតខំប្រឹងប្រែង ដើម្បីជម្រះបញ្ជីសារពើភណ្ឌលំនៅឋានដែលកំពុងកើនឡើង។
គួរបញ្ជាក់ថា វិស័យអចលនៈទ្រព្យរបស់ប្រទេសចិន បានធ្លាក់ចុះយ៉ាងគំហុកអស់រយៈពេលជាច្រើនឆ្នាំ ដែលរងគ្រោះដោយវិបត្តិបំណុល ក្នុងចំណោមក្រុមហ៊ុនធ្វើគម្រោងអភិវឌ្ឍន៍។ ក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនដែលមានវិបត្តិខ្វះសាច់ប្រាក់ ដូចជាក្រុមហ៊ុន Country Garden ជាដើម បានផ្អាកសាងសង់លំនៅឋានថ្មីក្នុងចំនួនដ៏ច្រើនដែលបានលក់មុនគម្រោង ប៉ុន្តែឥឡូវនេះមិនអាចសង់រួចរាល់តាមការគ្រោងទុក។
ហើយក្នុងពេលជាមួយគ្នា អ្នកទិញលំនៅឋានទាំងនោះ កំពុងបន្តបង់ប្រាក់រំលស់។ បណ្ដាអ្នកវិភាគយល់ស្របថា មានផ្ទះល្វេងរាប់សិបលានខ្នង ដែលសង់មិនទាន់រួច នៅទូទាំងប្រទេសចិន។
ទោះបីជាការចេញនូវគោលនយោបាយបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០២២ ក៏ដោយ ក៏វិធានការទាំងនោះមិនទទួលបានជោគជ័យនោះឡើយ ក្នុងការធ្វើឲ្យអចនទ្រព្យប្រសើរឡើងវិញ ខណៈវិស័យនេះតំណាងឲ្យប្រហែល ១ភាគ៥នៃសេដ្ឋកិច្ចរបស់ប្រទេសចិន ហើយការធ្លាក់ចុះនេះនៅតែជាកត្តាបង្អាក់ដ៏ធំលើការចំណាយ និងទំនុកចិត្តរបស់អ្នកប្រើប្រាស់។
ជាមួយគ្នានេះ យោងតាមរបាយការណ៍របស់សារព័ត៌មាន Bloomberg បានឲ្យដឹងថា សហគ្រាសរដ្ឋក្នុងស្រុក ដែលប្រើប្រាស់ប្រាក់កម្ចីរបស់ធនាគាររដ្ឋ នឹងត្រូវបានស្នើសុំឲ្យជួយទិញលំនៅឋានដែលលក់មិនដាច់ពីក្រុមហ៊ុនអភិវឌ្ឍន៍ដែលមានបញ្ហា តាមរយៈការបញ្ចុះតម្លៃដ៏ច្រើន ដែលភាគច្រើនលំនៅឋានទាំងនោះនឹងត្រូវប្តូរទៅជាលំនៅឋានតម្លៃសមរម្យ។
ដោយដកស្រង់សម្ដីពីអ្នកដែលដឹងអំពីបញ្ហានេះ សេចក្ដីរាយការណ៍បានបន្ថែមថា មន្ត្រីក្នុងប្រទេសចិន បច្ចុប្បន្ន កំពុងពិភាក្សាគ្នាអំពីព័ត៌មានលម្អិត និងលទ្ធភាពនៃផែនការនេះ។ ក្រសួងលំនៅឋានរបស់ចិន មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters ទេ៕