ដូចតាមការគ្រោងទុក នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ កងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន បានបើកសមយុទ្ធជាផ្លូវការរបស់ខ្លួន ខណៈកម្មវិធីបើកជាផ្លូវការនេះ គឺបានប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងលោកឧត្តមនាវីទោ កៅ សីវឈីង នាយរងសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន និងជាប្រធានក្រុមការងារដឹកនាំសមយុទ្ធភាគីចិន។
សមយុទ្ធយោធារវាងកម្ពុជា និងចិនដែលមានឈ្មោះថា«នាគមាស»ឆ្នាំ២០២៤នេះ នឹងធ្វើឡើងក្រោមវិធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្រ្គោះមនុស្សធម៌» រយៈពេល១៥ថ្ងៃគឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ ខណៈសមយុទ្ធដែលនឹងមានបាញ់គ្រាប់ពិតផងដែរនោះ គឺធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការ ប្រចាំឆ្នាំទ្វេភាគីរវាងកម្ពុជា និងចិន ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក នៃការទប់ស្កាត់ និងបង្រ្កាប់អំពើភេរវកម្ម ការប្រឆាំងដ្រូនស៊ើបការរបស់សត្រូវ និងក៏ដើម្បីបង្កើនសមត្ថភាពកងទ័ពនៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងកិច្ចការពារជាតិ ការពារសន្តិសុខក្នុងតំបន់ និងពិភពលោក ពុំមែនធ្វើឡើងដើម្បីជាការគំរាមកំហែង ឬធ្វើឲ្យប៉ះពាល់ដល់អ្នកណា ឬប្រទេសណានោះឡើយ។
សូមបញ្ជាក់ថា សមយុទ្ធយោធាទេភាគីរវាងកម្ពុជា និងចិនដែលមានឈ្មោះថា«នាគមាស»នេះគឺ បានប្រព្រឹត្តទៅចំនួន៥ លើកមកហើយ ខណៈលើកទី៦នេះ មានលក្ខណៈទ្រង់ទ្រាយធំជាងមុនៗទៅទៀត ដោយឆ្នាំនេះ គឺមានចំនួនកងទ័ពភាគីទាំងរហូតដល់ជាង២០០០នាក់ចូលរួម ក្នុងនោះកងទ័ពចិនចំនួនជាង៧រយនាក់ រួមទាំងសព្វាវុធទំនើបៗ ឧទ្ធម្ភាគចក្រ និងថែមទាំងមាននាវាចម្បាំងទាំងខ្នាតធំ និងតូចចំនួន១៤គ្រឿងផងដែរ៕អត្ថបទ៖ បាន ចក់








