លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន(Vladimir Putin)បានទៅដល់ទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍ ទី១៦ឧសភាសប្ដាហ៍នេះ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃទៅកាន់ប្រទេសចិន ដើម្បីបង្ហាញការរួបរួមរវាងសម្ព័ន្ធមិត្តទាំង២ ខណៈទីក្រុងមូស្គូ កំពុងជំរុញការវាយលុកថ្មីនៅអ៊ុយក្រែន។

ចិន និងរុស្ស៊ី បានប្រកាសពីមិត្តភាពគ្មានដែនកំណត់ កាលពីក្នុងខែកុម្ភៈឆ្នាំ២០២២ នៅពេលលោក Putin បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ប៉ុន្មានថ្ងៃមុនពេលលោក បានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលក្នុងប្រទេសអ៊ុយក្រែន ដែលបណ្ដាលឲ្យមានជាសង្រ្គាមលើដីដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងតំបន់អឺរ៉ុប ចាប់តាំងពីសង្រ្គាមលោកលើកទី២មក។

ដំណើរទស្សនកិច្ចរបស់លោក Putin បានកើតឡើង ស្របពេលប្រទេសរុស្ស៊ីបានពឹងផ្អែកផ្នែកសេដ្ឋកិច្ចកាន់តែខ្លាំងទៅលើប្រទេសចិន បន្ទាប់ពីការវាយលុករបស់ក្រុងមូស្គូពេញបន្ទុកលើអ៊ុយក្រែនកាលពីជាងពីរឆ្នាំមុន។
នៅមុនថ្ងៃនៃដំណើរទស្សនកិច្ចនេះ លោក Putin បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយចិនថា វិមានក្រឹមឡាំង បានត្រៀមលក្ខណៈដើម្បីចរចាជុំវិញជម្លោះនៅអ៊ុយក្រែន។
លោក Putin ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួ ថា យើងបើកចំហចំពោះកិច្ចសន្ទនាស្តីពីអ៊ុយក្រែន ប៉ុន្តែការចរចាបែបនេះត្រូវតែគិតគូរពីផលប្រយោជន៍របស់ប្រទេសទាំងអស់ដែលពាក់ព័ន្ធក្នុងជម្លោះ រួមទាំងផលប្រយោជន៍របស់យើងផងដែរ។

ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់មេដឹកនាំរុស្ស៊ីពេលនេះ កើតឡើង ខណៈកងកម្លាំងរបស់លោកបានបើកការវាយលុកនៅក្នុងតំបន់ ខាគីវ (Kharkiv)ភាគឦសានក្នុងប្រទេសអ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុនក្នុងការលុកលុយឆ្លងព្រំដែនដ៏ធំបំផុតចាប់តាំងពីការវាយប្រហារពេញទំហឹង បានចាប់ផ្តើមដោយបង្ខំមនុស្សជិត ៨.០០០នាក់ ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ៕