ការិយាល័យរដ្ឋាភិបាលបាននិយាយថា នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ (Robert Fico) បានរងរបួសដែលគំរាមកំហែងដល់អាយុជីវិត នៅពេលដែលលោកត្រូវបានគេបាញ់ និងរងរបួសនៅក្នុងការប៉ុនប៉ងធ្វើឃាតកាលពីថ្ងៃពុធ (១៥ ឧសភា)។ ការប៉ុនប៉ងធ្វើឃាតនេះបង្កជាប្រតិកម្មយ៉ាងភ្ញាក់ផ្អើលក្នុងចំណោមមេដឹកនាំពិភពលោក។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) និយាយថា «ខ្ញុំបារម្ភយ៉ាងខ្លាំងពេលបានដឹងពីរបាយការណ៍នៃការវាយប្រហារលើនាយករដ្ឋមន្រ្តីស្លូវ៉ាគី រ៉ូប៊ឺត ហ្វីកូ។ យើងថ្កោលទោសចំពោះអំពើហិង្សាដ៏អាក្រក់នេះ។ ស្ថានទូតរបស់យើងកំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលស្លូវ៉ាគី ហើយត្រៀមខ្លួនជាស្រេចដើម្បីជួយ»។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយក្នុងសារទៅកាន់ប្រធានាធិបតីស្លូវ៉ាគី ថា «មិនអាចមានហេតុផលសមស្របសម្រាប់ឧក្រិដ្ឋកម្មដ៏ឃោរឃៅនេះទេ។ ខ្ញុំដឹងថាលោក ហ្វីកូ ជាបុរសក្លាហាន និងមានស្មារតីរឹងមាំ ហើយគុណសម្បត្តិទាំងនេះនឹងជួយលោកឱ្យរួចផុតពីស្ថានភាពដ៏លំបាកនេះ»។
ប្រធានគណៈកម្មាធិការអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុនឌើលេយ៉េន (Ursula Von Der Leyen) លើកឡើងថា «អំពើហិង្សាបែបនេះមិនត្រូវកើតឡើងនៅក្នុងសង្គមរបស់យើងឡើយ និងធ្វើឱ្យខូចដល់លទ្ធិប្រជាធិបតេយ្យ ដែលជាផលប្រយោជន៍រួមដ៏មានតម្លៃបំផុតរបស់យើង។ ខ្ញុំសង្ឃឹមថាលោក ហ្វីកូ និងគ្រួសារ ឆ្លងផុតពីស្ថានភាពដ៏លំបាកនេះ»។
ក៏មានមេដឹកនាំកំពូលៗជាច្រើនទៀតនៅជុំវិញពិភពលោក ដែលបង្ហាញពីការបួងសួងរបស់ពួកគេចំពោះលោក ហ្វីកូ រួមមានមេដឹកនាំមកពីប្រទេសអាល្លឺម៉ង់ អ៊ុយក្រែន ហុងគ្រី ប៉ូឡូញ អង់គ្លេស អង្គការណាតូ និងប្រទេសជាច្រើនទៀត។ មេដឹកនាំទាំងនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះព័ត៌មាននេះ ហើយថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារដ៏គួរឱ្យភ័យខ្លាច ទង្វើមិនអាចទទួលយកបាន និងព្រៃផ្សៃនៃហិង្សានយោបាយលើលោកនាយករដ្ឋមន្ត្រីស្លូវ៉ាគីរូបនេះ៕
