មានសេចក្ដីរាយការណ៍ថា លោកនាយករដ្ឋមន្ត្រីស្លូវ៉ាគី រ៉ូប៊ើត ហ្វីកូ (Robert Fico) ស្ថិតក្នុងស្ថានភាពស្ថិរភាព បន្ទាប់ពីការវះកាត់ដ៏យូរក្រោយការប៉ុនប៉ងធ្វើឃាត នៅទីក្រុងហ៊ែនឡូវ៉ា ( Handlová) កាលពីថ្ងៃពុធទី១៥ខែឧសភា។

លោក ថូម៉ាស់ តារ៉ាបា(Tomáš Taraba)ឧបនាយករដ្ឋមន្ត្រីស្លូវ៉ាគី បាននិយាយថា លោករ៉ូប៊ើត ហ្វីកូ (Robert Fico) ត្រូវគេរំពឹងថានឹងរួចផុតពីសេចក្ដីស្លាប់ ក្រោយការប៉ុនប៉ងធ្វើឃាតនៅក្នុងព្រឹត្តិការណ៍នយោបាយមួយកាលពីថ្ងៃពុធ។
លោក តារ៉ាបា បានប្រាប់ទូរទស្សន៍ BBC ថា ស្ថានភាពរបស់លោកនាយករដ្ឋមន្ត្រី លែងមានការគំរាមកំហែងដល់អាយុជីវិតទៀតហើយ ហើយថា គ្រាប់កាំភ្លើងទីមួយបានត្រូវចំ-ពោះ ចំណែកគ្រាប់ទីពីរបានត្រូវចំសន្លាក់ឆ្អឹង។ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

មេដឹកនាំដ៏មានប្រជាប្រិយភាព វ័យ៥៩ឆ្នាំ រូបនេះ ត្រូវបានគេបាញ់ជាច្រើនគ្រាប់បន្ទាប់ពីព្រឹត្តិការណ៍នយោបាយមួយក្នុងទីក្រុង នេះ ។
រដ្ឋមន្ត្រីមហាផ្ទៃ លោក ម៉ាតាស់ ស៊ូថាច អេស្តូក (Matus Sutaj Estok) បាននិយាយថា ជនសង្ស័យម្នាក់កំពុងស្ថិតក្នុងការឃុំឃាំង ហើយការស៊ើបអង្កេតដំណាក់កាលដំបូងបានបង្ហាញថា បញ្ហានយោបាយដ៏ច្បាស់លាស់ នៅពីក្រោយការបាញ់ប្រហារនេះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានចេញផ្សាយរូបថតរបស់ជនសង្ស័យដែលត្រូវបានគេស្គាល់ថាជាអ្នកនិពន្ធ អាយុ៧១ ឆ្នាំ ឈ្មោះ ជូរ៉ាច ស៊ីនទូឡា (uraj Cintula) ៕