អង្គភាពឆ្មាំល្បាតឆ្នេរចិន (CCG) កាលពីថ្ងៃពុធទី១៥ឧសភា សប្ដាហ៍នេះ បានចេញការព្រមានដល់នាវាហ្វីលីពីន ដែលបានឆ្លងចូលដែនទឹករបស់ចិន ដោយខុសច្បាប់នៅក្នុងសមុទ្រចិនខាងត្បូង។

អង្គភាពឆ្មាំល្បាតឆ្នេរចិន បាននិយាយថា សកម្មភាពរបស់ហ្វីលីពីន បានរំលោភលើអធិបតេយ្យភាពរបស់ប្រទេសចិន និងបានបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ក៏ដូចជាបទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ហើយបានជំរុញឱ្យប្រទេសនេះ បញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់។

ការឈ្លានពានដោយខុសច្បាប់របស់ហ្វីលីពីនចូលទៅដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង កាន់តែញឹកញាប់ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ ក្នុងអំឡុងពេលមានការប្រឈមដាក់គ្នាកាលពីមុនកាលពីថ្ងៃទី ៣០ ខែមេសា កន្លងទៅ កងឆ្មាំល្បាតឆ្នេរប្រទេសចិន បានបណ្តេញនាវាឆ្មាំល្បាតឆ្នេរហ្វីលីពីន និងនាវាផ្លូវការមួយគ្រឿង ដែលបានចូលទៅក្នុងដែនទឹក នៅជាប់នឹងកោះ ហ័នយ៉ាន (Huangyan) ។

កាលពីថ្ងៃទី ២៣ ខែមីនា កងកម្លាំងឆ្មាំល្បាតឆ្នេរ របស់ប្រទេសចិន បានរារាំងនាវាផ្គត់ផ្គង់ហ្វីលីពីន កំពុងចតដោយខុសច្បាប់នៅតំបន់ដែនទឹកមានជម្លោះ យិនណៃជៀវ(Ren'ai Jiao) ដើម្បីជួសជុល និងពង្រឹងសន្តិសុខ។
អង្គភាពឆ្មាំល្បាតឆ្នេរខាងលើបាននិយាយថា ខ្លួននឹងបន្តអនុវត្តសកម្មភាពអនុវត្តច្បាប់នៅក្នុងដែនទឹកនានាដែលស្ថិតនៅក្រោមការគ្រប់គ្រងស្របច្បាប់របស់ប្រទេសចិន ដូចដែលបានអះអាងដោយច្បាប់ និងការពារយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពដែនដី និងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ប្រទេសចិន៕