មន្ត្រីទីភ្នាក់ងារគ្រោះមហន្តរាយជាន់ខ្ពស់របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាសកាលពីថ្ងៃពុធទី១៥ឧសភា ថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងជំនន់កម្អែភ្នំភ្លើងត្រជាក់នៅក្នុងខេត្តស៊ូម៉ាត្រា ខាងលិច(West Sumatra)របស់ប្រទេសនេះ បានកើនឡើងដល់ ៦៧ នាក់ ហើយមនុស្ស ២០ នាក់នៅតែបាត់ខ្លួន។

លោក ស៊ូហារីយ៉ាន់តូ (Suharyanto) ប្រធានទីភ្នាក់ងារគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយជាតិ បាននិយាយថា ទាហាន និងនគរបាល ត្រូវបានបញ្ជូនទៅកាន់តំបន់រងគ្រោះ ដើម្បីជួយជម្លៀសប្រជាពលរដ្ឋ និងស្វែងរកជនរងគ្រោះ។

លោកបានប្រាប់ក្រុមអ្នកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជាមួយប្រជាពលរដ្ឋក្នុងតំបន់ ថា គ្រឿងចក្រធុនធ្ងន់ត្រូវបានបញ្ជូនទៅជួយសម្អាតកម្ទេចកម្ទី រួមមាន សំណល់ សំណាត់ឈើ ថ្ម និងល្បាប់ដែលបណ្តាល មកពីជំនន់កម្អែភ្នំភ្លើង។
លោកបានបន្តថា ទីភ្នាក់ងារនេះ កំពុងពិចារណាអំពីការផ្លាស់ទីលំនៅ ជាដំណោះស្រាយមួយដើម្បីទប់ស្កាត់ការកើតឡើងវិញនៃផលវិបាកដ៏សោកនាដកម្មនៃគ្រោះមហន្តរាយស្រដៀងគ្នានេះនៅពេលអនាគត។
លោក ស៊ូហារីយ៉ានតូ បាននិយាយថា ការវាយតម្លៃមួយត្រូវបានធ្វើឡើង ដោយបន្ថែមថា រដ្ឋបាលក្នុងតំបន់នឹងបែងចែកដីធ្លី ប្រសិនបើការផ្លាស់ទីលំនៅត្រូវធ្វើឡើងមែននោះ។

យោងតាមក្រុមអ្នកជំនាញឲ្យដឹងថា គ្រោះមហន្តរាយ ដែលបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍សប្ដាហ៍មុន គឺជាការកើតឡើងវិញនៃគ្រោះធម្មជាតិស្រដៀងគ្នា ដែលបានកើតឡើងប្រហែល ៤៥ ឆ្នាំមុននៅក្នុងតំបន់ដូចគ្នាទាំងនេះ ៕