ឆ្មាំល្បាតឆ្នេរអាមេរិក បាននិយាយថា ខ្លួនកំពុងវាយតម្លៃថាតើស្ពានផ្សេងទៀតនៅទូទាំងប្រទេស កំពុងមានហានិភ័យដែរឬទេ បន្ទាប់ពីកប៉ាល់ដឹកទំនិញមួយគ្រឿងបានបើកបុកស្ពាន ហ្វ្រង់ស៊ីស ស្កុតឃី (Francis Scott Key) ក្នុងទីក្រុង បាល់ទីម័រ (Baltimore) កាលពីខែមីនា ដោយបានសម្លាប់មនុស្ស ៦ នាក់ និងបំផ្លាញផ្លូវឆ្លងកាត់ទន្លេ ផាថាបស្កូ (Patapsco)។

អនុឧត្តមនាវីឯកឆ្មាំល្បាតឆ្នេរ លោក ភីតធើ ហ្គ័រទីអឺ (Peter Gautier) បាននិយាយនៅក្នុងសវនាការរបស់សភាអាមេរិកកាលពីថ្ងៃពុធ (១៥ ឧសភា) ថា «ទំហំ និងភាពស្មុគស្មាញនៃកប៉ាល់បានកើនឡើងក្នុងរយៈពេលជាច្រើនឆ្នាំ ដោយដាក់តម្រូវការកាន់តែច្រើនលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមសមុទ្រ ដែលអាចនឹងដើរមិនទាន់ល្បឿននៃកំណើនហានិភ័យដែលនាវាទាំងនេះបង្កឡើង»។

ប្រធានក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ លោកស្រី ជេននីហ្វើ ហូមេនឌី (Jennifer Homendy) បាននិយាយនៅក្នុងសវនាការនោះថា ទីភ្នាក់ងាររបស់ខ្លួនបានផ្តល់អនុសាសន៍តាំងពីឆ្នាំ១៩៨៨ មកថាឱ្យឆ្មាំល្បាតឆ្នេរ និងរដ្ឋបាលផ្លូវហាយវេសហព័ន្ធពិនិត្យមើលស្ថានភាពគ្រប់គ្រាន់នៃការការពារផែសម្រាប់ស្ពានឆ្លងកាត់ដែនទឹកដែលអាចធ្វើនាវាចរណ៍ កំពង់ផែ និងផ្លូវទឹករបស់សហរដ្ឋអាមេរិក។

ប្រធានគ្រប់គ្រងផ្លូវហាយវេសហព័ន្ធ លោក ស្ហៃលេន បាត (Shailen Bhatt) បាននិយាយថា រដ្ឋាភិបាលកំពុងទាក់ទងជាមួយរដ្ឋនានា ដើម្បីពិនិត្យមើលវិធីពង្រឹងការការពារសម្រាប់ស្ពានដែលងាយរងគ្រោះ៕