ខណៈនៅថ្ងៃស្អែកនេះ គឺថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ គឺជាពេលវេលានៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់គណបក្សនយោបាយ អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់អ្នកនយោបាយ និងអ្នកគាំទ្រទាំងឡាយ ត្រូវគោរពឱ្យបាននូវច្បាប់របស់ជាតិ ច្បាប់នៃការបោះឆ្នោត និងលុបបំបាត់ឱ្យអស់នូវការប្រឈមដាក់គ្នា ការចោទប្រកាន់គ្នា ក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោតនេះ។
ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានអំពាវនាវតាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV កាលពីថ្ងៃទី១៥ ខែឧសភានេះ ដល់អ្នកនយោបាយ និងអ្នកគាំទ្រលុបបំបាត់ឱ្យអស់នូវការប្រឈមដាក់គ្នា ការចោទប្រកាន់គ្នា ខណៈគ.ជ.ប ក្រៅតែពីការបង្កលក្ខណៈដល់គណបក្សនយោបាយធ្វើសកម្មភាពឃោសនា គ.ជ.ប ក៏ជាអ្នកដែលនៅចាំឃ្លាំមើល និងដោះស្រាយនូវរាល់បញ្ហាទាំងឡាយដែលពាក់ព័ន្ធនឹងការធ្វើសកម្មភាពការឃោសនាបោះឆ្នោតនេះផងដែរ។
ឯកឧត្តម ហង្ស ពុទ្ធា បានថ្លែងថា ដើម្បីឱ្យការឃោសនាបោះឆ្នោតក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដំណើរការទៅដោយរលូនប្រជាធិបតេយ្យ សេរីពហុបក្ស គ្រប់គណបក្សនយោបាយ ត្រូវយល់ឱ្យបានច្បាស់ថា ចាប់ពីម៉ោង៦ រហូតដល់ម៉ោង ១០ យប់ គឺជាអំឡុងពេលនៃការធ្វើសកម្មភាពនៃការឃោសនាបោះឆ្នោតរបស់ខ្លួន។ ប៉ុន្ដែក៏មានម៉ោងហាម សម្រាប់ការឃោសនាផងដែរ គឺនៅចន្លោះម៉ោង ១២ ទៅដល់ម៉ោង ២ រសៀល ដែលជាពេលវេលាប្រជាពលរដ្ឋខ្មែរមានទម្លាប់សម្រាក ហើយការចាក់មេក្រូ នៅក្បែមន្ទីរពេទ្យ ឬក៏នៅក្បែគ្រឹះស្ថានសិក្សាក្នុងម៉ោងដែលសិក្សានុសិស្សកំពុងរៀនសូត្រក៏ជាទីតាំងដែលត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនផងដែរ។
នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ដែលមានរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ គ.ជ.ប ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀងក្នុង សកម្មភាពការងាររបស់ខ្លួន និងត្រូវសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឱ្យគណបក្សនយោបាយ នីមួយៗអាចអនុវត្តកម្មវិធី និងការហែក្បួនឃោសនាបោះឆ្នោតរបស់ខ្លួនប្រព្រឹត្តទៅដោយស្មើភាពគ្នា។ គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា គណបក្សនយោបាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់ នឹងចូលរួមសហការតាមការអំពាវនាវក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយគោរពច្បាប់ជាធរមាន ដើម្បីធ្វើយ៉ាងណាឱ្យការឃោសនាបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយរលូន ធានាបាននូវសិទ្ធិរបស់គណបក្សនយោបាយ និងសិទ្ធិជាមូលដ្ឋានរបស់អ្នកបោះឆ្នោត។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤នេះ មានគណបក្សនយោបាយចំនួន៥បានចូលរួមប្រកួតប្រជែងក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ, គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ ដោយការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ៕ អត្ថបទ៖ វ៉ន ដារ៉ា
