ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) នឹងបញ្ជូនក្រុមអតីតមន្ត្រីអាមេរិក ទៅកាន់កោះតៃវ៉ាន់ នៅពេលដែលមេដឹកនាំថ្មីរបស់ខ្លួនចូលកាន់តំណែងនៅថ្ងៃទី២០ ខែឧសភា ខាងមុខ ដែលជាការបង្ហាញការគាំទ្រសម្រាប់កោះនេះ និងវិធានការកែតម្រូវដើម្បីជៀសវាងការខឹងសម្បាររបស់ទីក្រុងប៉េកាំង។

យោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់បានឱ្យដឹងថា លោក បៃដិន កំពុងបញ្ជូនគណៈប្រតិភូទ្វេបក្សទៅចូលរួមពិធីសម្ពោធមេដឹកនាំជាប់ឆ្នោតថ្មីរបស់កោះតៃវ៉ាន់ លោក ឡៃ ឈីងទឺ (Lai Ching-te) នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ ដែលរួមមានអតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមាន លោក ប្រេន ឌីស (Brian Deese) អតីតមន្ត្រីដែលធ្លាប់ធ្វើការនៅក្រសួងការបរទេស លោក រីឆាត អាមីថេក (Richard Armitage) និងអតីតមន្រ្តីជាច្រើនរូបទៀត។

ក្រុងប៉េកាំង បានឱ្យឈ្មោះលោក ឡៃ ដែលត្រូវបានជាប់ឆ្នោតក្នុងខែមករា ថាជា «ជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់» ហើយបានបដិសេធម្តងហើយម្តងទៀតសម្រាប់ការចរចា។ ទីក្រុងប៉េកាំង ចាត់ទុកកោះស្វ័យគ្រប់គ្រងនេះថាជាទឹកដីរបស់ខ្លួន ប៉ុន្តែរដ្ឋាភិបាលក្រុងតៃប៉ិ បដិសេធយ៉ាងខ្លាំង។

ទីក្រុងវ៉ាស៊ីនតោន បានប្តូរការទទួលស្គាល់ការទូតពីទីក្រុងតៃប៉ិ ទៅទីក្រុងប៉េកាំង ក្នុងឆ្នាំ១៩៧៩ ហើយបាននិយាយជាយូរមកហើយថាខ្លួនមិនគាំទ្រការប្រកាសឯករាជ្យជាផ្លូវការរបស់កោះតៃវ៉ាន់ទេ។ ទោះជាយ៉ាងណាក៏ដោយ អាមេរិកនៅតែរក្សាទំនាក់ទំនងក្រៅផ្លូវការជាមួយតៃវ៉ាន់ ហើយនៅតែជាអ្នកគាំទ្រ និងផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់កោះនេះ៕