នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃពុធ បានទទូចថា ពុំមាន «មហន្តរាយមនុស្សធម៌» នៅទីក្រុង Rafah ទេ ខណៈលោកបានប្រកាសថាមនុស្សជិត៥០០.០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់ហ្កាហ្សា ភាគខាងត្បូង ក្នុងពេលមានការប្រយុទ្ធគ្នាខ្លាំង។ វាបានកើតឡើង នៅពេលដែលប្រជាជនប៉ាឡេស្ទីន ប្រារព្ធខួបលើកទី៧៦ នៃទិវា Nakba ដែលប្រជាជនប៉ាឡេស្ទីនប្រហែល ៧៦០.០០០នាក់ បានភៀសខ្លួនចេញ ឬត្រូវបានបណ្តេញចេញពីលំនៅឋានរបស់ពួកគេក្នុងអំឡុងសង្រ្គាមឆ្នាំ១៩៤៨ នៃការបង្កើតអ៊ីស្រាអែល។

កងកម្លាំងអ៊ីស្រាអែល បានប្រយុទ្ធ និងទម្លាក់គ្រាប់បែកលើក្រុមសកម្មប្រយុទ្ធហាម៉ាស នៅជុំវិញទីក្រុង Rafah ភាគខាងត្បូងនៃតំបន់ហ្កាហ្សា ប៉ុន្តែការប៉ះទង្គិចគ្នាជាច្រើន បានផ្ទុះឡើងម្តងទៀតនៅតំបន់ភាគខាងជើង និងភាគកណ្តាល។ ការកើនឡើងការប្រយុទ្ធនៅតាមទីក្រុង ក្នុងតំបន់ហ្កាហ្សាដែលត្រូវបានហ៊ុមព័ទ្ធ បានជំរុញឱ្យមានការព្រមានពីសហរដ្ឋអាមេរិក។
ប្រភពព័ត៌មានផ្លូវការបានប្រាប់សារព័ត៌មាន AFP ថា ទោះបីជាមានការគំរាមពីមុនៗមកដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ក្នុងការទប់ស្កាត់ការដឹកជញ្ជូនសព្វាវុធមួយចំនួន ជុំវិញការទទូចរបស់ លោក Netanyahu លើការវាយប្រហារចូលទីក្រុង Rafah ក៏ដោយ ក៏រដ្ឋបាលរបស់លោកBiden បានជូនដំណឹងដល់សភា កាលពីថ្ងៃអង្គារអំពីកញ្ចប់សព្វាវុធថ្មីចំនួន១ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ីស្រាអែល។

សហភាពអឺរ៉ុប បានជំរុញឱ្យអ៊ីស្រាអែល បញ្ចប់ប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងទីក្រុង Rafah ជាបន្ទាន់ ដោយព្រមានថាការមិនបញ្ចប់ប្រតិបត្តិការ នឹងធ្វើឱ្យមានភាពតានតឹងធ្ងន់ធ្ងរដោយជៀសមិនរួច ពីទំនាក់ទំនងជាមួយប្លុកនេះ។
នាយករដ្ឋមន្ត្រី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កិច្ចខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវរបស់យើងកំពុងទទួលបានផ្លែផ្កា។ រហូតមកដល់ពេលនេះ នៅទីក្រុង Rafah មនុស្សជិតកន្លះលាននាក់ត្រូវបានជម្លៀសចេញពីតំបន់ប្រយុទ្ធ។