នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និយាយថា ការវាយលុកដោយយោធានៅ ទីក្រុងRafah នឹងមានរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ មិនមែនខែ ហើយក៏មិនមែនដល់ឆ្នាំដែរ ដោយបានបញ្ជាក់ពីតម្រូវការក្នុងការកម្ទេចកងពលតូចរបស់ក្រុមហាម៉ាសចំនួន៤កងពល នៅក្នុងតំបន់ហ្កាហ្សា ភាគខាងត្បូង។ លោក Netanyahu បាននិយាយដូច្នេះ ក្នុងពេល ផ្តល់បទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានអាមេរិក CNBC កាលពីថ្ងៃពុធ។

លោកនាយករដ្ឋមន្ត្រី បាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល មាន «ការខ្វែងគំនិតគ្នា»។ ប៉ុន្តែលោកបាននិយាយថា ពេលខ្លះ អ្នកត្រូវតែធ្វើតាមតម្រូវការចាំបាច់ ដើម្បីធានាបានការរស់រានមានជីវិតរបស់អ្នក និងអនាគតរបស់អ្នក។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានព្រមានថា ទីក្រុងវ៉ាស៊ីនតោន នឹងផ្អាកការផ្តល់គ្រាប់រំសេវ និងសព្វាវុធផ្សេងទៀតប្រសិនបើអ៊ីស្រាអែល បើកប្រតិបត្តិការតាមជើងគោកទ្រង់ទ្រាយធំចូលទៅក្នុងទីក្រុងរ៉ាហ្វា ជាកន្លែងដែលជនស៊ីវិលជាច្រើនកំពុងជ្រកកោននៅទីនោះ។

ប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan មានផែនការធ្វើទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែល នៅចុងសប្តាហ៍នេះ ដើម្បីស្វែងរកការទម្លាយភាពទាល់ច្រកដើម្បីផ្អាកការប្រយុទ្ធ។ យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសលើគោលដៅប្រហែល៨០គោលដៅ នៅទូទាំងតំបន់ហ៊ុមព័ទ្ធ កាលពីថ្ងៃមុននេះ។ យោធា និយាយថា កងកម្លាំងទ័ពជើងគោករបស់ខ្លួនបានកម្ទេចអ្នកប្រយុទ្ធក្រុមហាម៉ាសមួយចំនួនធំ នៅក្នុងទីក្រុង Rafah និងទីក្រុង Jabalia ភាគខាងជើង។

បណ្តាញទូរទស្សន៍ផ្កាយរណប Al Jazeera ដែលមានមូលដ្ឋាននៅប្រទេសកាតា បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់១០នាក់បានស្លាប់ បន្ទាប់ពីការបាញ់ផ្លោងធ្លាក់ទៅលើគ្លីនិកមួយកន្លែង គ្រប់គ្រងដោយទីភ្នាក់ងារអង្គការសហប្រជាជាតិនៅតំបន់ហ្កាហ្សា ភាគខាងជើង។ ប្រព័ន្ធផ្សព្វផ្សាយ ក៏បានរាយការណ៍ពីអ្នកស្លាប់ និងរបួសជាច្រើននាក់ នៅក្នុងការវាយប្រហារនៅមជ្ឈមណ្ឌលទីក្រុង ដែលជនស៊ីវិលកំពុងប្រមូលផ្តុំគ្នាប្រើប្រាស់អ៊ីនធឺណិត។
អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់នៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះ បានកើនឡើងដល់ ៣៥.២៣៣នាក់ ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើម។