លោក ឡៃ ឈីងទឺ (Lai Ching-te) នឹងចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់កោះតៃវ៉ាន់ នៅថ្ងៃចន្ទ (២០ ឧសភា) សប្ដាហ៍ក្រោយនេះ ដោយប្រឈមមុខនឹងប្រទេសចិន ដែលហៅលោកថាជា «ជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់» ហើយបានបង្កើនសមយុទ្ធយោធា ក៏ដូចជាការគាំទ្រដ៏ស្ដួចស្ដើងនៅក្នុងសភា ដែលពុំមានគណបក្សណាមានសំឡេងភាគច្រើន។

លោក ឡៃ ដែលជាមេដឹកនាំលំដាប់ទី២ អស់រយៈពេលបួនឆ្នាំចុងក្រោយនេះ ឡើងស្នងតំណែងបន្តពីមេដឹកនាំបច្ចុប្បន្ន លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) នៅពេលក្រុងប៉េកាំង បាននិងកំពុងបង្កើនសម្ពាធផ្នែកយោធា និងនយោបាយដើម្បីអះអាងអធិបតេយ្យភាព ដែលលោក និងលោកស្រី សៃ ច្រានចោល ជុំវិញការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ។

នៅក្នុងដំណើរការឈ្នះឆ្នោតរបស់លោក ឡៃ កាលពីខែមករា ទីក្រុងប៉េកាំង បានរិះគន់លោកម្តងហើយម្តងទៀតថាជាអ្នកគាំទ្រឯករាជ្យភាពផ្លូវការរបស់តៃវ៉ាន់ ដោយបានកំណត់ការបោះឆ្នោតនោះជាជម្រើសរវាងសង្រ្គាម និងសន្តិភាព។
លោក ឡៃ វ័យ ៦៤ ឆ្នាំ ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយដោយឈ្មោះជាភាសាអង់គ្លេសរបស់ខ្លួនថា វីលៀម (William) បានផ្តល់ការចរចាជាមួយប្រទេសចិន ជាច្រើនដងរួមទាំងនៅក្នុងសប្តាហ៍នេះ ដែលទីក្រុងប៉េកាំងបានបដិសេធ។ ចិននិយាយថា ខ្លួននឹងមានហេតុផលក្រសោបយកកោះនេះ រាល់សកម្មភាពរបស់តៃវ៉ាន់ ក្នុងការប្រកាសឯករាជ្យជាផ្លូវការ។
ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន ដែលត្រូវបានសាកសួរកាលពីថ្ងៃពុធ អំពីសុន្ទរកថាថ្ងៃកាន់តំណែងរបស់លោក ឡៃ និងការឆ្លើយតបបែបណារបស់ប្រទេសចិន បាននិយាយថា «មេដឹកនាំថ្មីនៃតំបន់តៃវ៉ាន់» ត្រូវតែធ្វើការជ្រើសរើសច្បាស់លាស់រវាងការអភិវឌ្ឍន៍ដោយសន្តិវិធី ឬការប្រឈមមុខដាក់គ្នា៕