អាជ្ញាធរគ្រប់គ្រងគ្រោះរាំងស្ងួតជាតិ (NDMA) របស់កេនយ៉ា បាននិយាយកាលពីថ្ងៃពុធ (១៥ ឧសភា) ថាភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យស្រុកចំនួន ២៣ នៅតំបន់ស្ងួតហួតហែង និងតំបន់ពាក់កណ្តាលស្ងួតរបស់ប្រទេសកេនយ៉ា (ASAL) ដែលជាធម្មតាងាយប្រឈមនឹងគ្រោះរាំងស្ងួត ស្ថិតក្នុងទឹកជំនន់ធ្ងន់ធ្ងរ ខណៈចំនួនអ្នកស្លាប់សរុបឡើងជិតដល់ ៣០០ នាក់។

អាជ្ញាធរគ្រោះរាំងស្ងួត NDMA នេះ បាននិយាយនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា តំបន់ដែលបានងើបឡើងវិញទាំងស្រុងពីគ្រោះរាំងស្ងួតនាពេលថ្មីៗនេះ ឥឡូវនេះកំពុងប្រឈមមុខនឹងទឹកជំនន់ ហើយគ្រោះធម្មជាតិយ៉ាងទូលំទូលាយនេះបានធ្វើឱ្យខូចសន្តិសុខស្បៀងនៅក្នុងតំបន់ទាំងនោះ។

នៅក្នុងខែមីនា អាជ្ញាធរ NDMA បាននិយាយថាចំនួនមនុស្សដែលត្រូវការជំនួយស្បៀងអាហារនៅក្នុងប្រទេសកេនយ៉ា មានចំនួន ២ លាននាក់ ហើយតួលេខនេះនឹងកើនឡើងដោយសារតែការរំខានដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។
យោងតាមរដ្ឋាភិបាលកេនយ៉ា មនុស្សយ៉ាងហោចណាស់ ២៨៩ នាក់ត្រូវបានសម្លាប់ មនុស្ស ១៨៨ នាក់បានរងរបួស និង ២៨៥.៦០០ នាក់ត្រូវបានជម្លៀសចេញ ខណៈមនុស្ស ៤១២.៣៣៦ នាក់ផ្សេងទៀតបានរងផលប៉ះពាល់ដោយអាកាសធាតុធ្ងន់ធ្ងរ។
យោងតាមនាយកដ្ឋានឧតុនិយមកេនយ៉ា បានឱ្យដឹងថា តំបន់មួយចំនួនទទួលបានភ្លៀងរហូតដល់ ២០០ មីលីម៉ែត្រក្នុងមួយថ្ងៃ ដោយសារបម្រែបម្រួលអាកាសធាតុផ្លាស់ប្តូរគំរូអាកាសធាតុនៅក្នុងប្រទេសអាហ្វ្រិកខាងកើតមួយនេះ ដែលធ្វើឱ្យតំបន់ដីស្ងួតទទួលបានទឹកភ្លៀងច្រើនបំផុត៕