កូរ៉េខាងជើង៖ ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងជើងកំពុងបញ្ចេញអង្ករបម្រុងទុក សម្រាប់សង្គ្រោះបន្ទាន់របស់យោធា ស្របពេលកង្វះស្បៀងអាហាររបស់ខ្លួនកាន់តែធ្ងន់ធ្ងរទៅដោយសាររលកកម្ដៅ និងគ្រោះរាំងស្ងួតបង្កឲ្យមានការកាត់បន្ថយការផ្គត់ផ្គង់របស់ប្រទេសនេះ។

បញ្ហាស្បៀងអាហាររបស់កូរ៉េខាងជើងបានកើតមានឡើង ខណៈដែលសេដ្ឋកិច្ចទន់ខ្សោយរបស់ខ្លួននៅតែបន្តរងផលប៉ះពាល់ ដោយសារការរីករាលដាលនៃវីរុសរាតត្បាតសកល COVID-19។ ខណៈភាពអត់ឃ្លាន និងភាពវឹកវរក្នុងសង្គមមិនត្រូវបានគេរាយការណ៍ ដែលក្រុមអ្នកសង្កេតការណ៍រំពឹងថា ស្ថានការណ៍ស្បៀងអាហាររបស់កូរ៉េខាងជើងកាន់តែយ៉ាប់យ៉ឺន រហូតដល់រដូវប្រមូលផលរដូវស្លឹកឈើជ្រុះ។ ទីភ្នាក់ងារចារកម្មសេអ៊ូលបានប្រាប់កិច្ចប្រជុំគណៈកម្មាធិការសភាបិទទ្វារថា កូរ៉េខាងជើងកំពុងផ្គត់ផ្គង់អង្ករដែលទុក សម្រាប់ប្រើប្រាស់ក្នុងសម័យសង្គ្រាមដល់ពលរដ្ឋដែលមានអាហារតិចតួច ពលករផ្សេងទៀត និងទីភ្នាក់ងាររដ្ឋជនបទ នេះបើយោងតាមលោក Ha Tae-keung សមាជិកសភាកូរ៉េខាងត្បូងដែលបានចូលរួមសម័យប្រជុំនោះ។
តម្លៃអង្ករដែលជាដំណាំសំខាន់បំផុតនៅកូរ៉េខាងជើង បានកើនឡើងទ្វេដងចាប់តាំងពីដើមឆ្នាំនេះ។ តម្លៃនេះបន្តហក់ងរយៈពេលខ្លីក្នុងខែកក្កដា មុននឹងកើនឡើងម្តងទៀត។ ក្នុងអំឡុងកិច្ចប្រជុំគណបក្សកាន់អំណាចដ៏សំខាន់មួយកាលពីខែមិថុនា លោក Kim បានជំរុញឱ្យមន្ត្រីរកវិធីដើម្បីជំរុញផលិតកម្មកសិកម្ម ដោយនិយាយថាស្ថានភាពស្បៀងអាហាររបស់ប្រទេស ''ឥឡូវនេះកាន់តែដុនដាបហើយ''។ កាលពីពេលថ្មីៗនេះ លោកថែមទាំងប្រៀបធៀបការលំបាកទាក់ទងនឹងជំងឺរាតត្បាតសកល ដែលកំពុងបន្តនឹងគ្រោះទុរ្ភិក្សឆ្នាំ១៩៩០ ដែលបានសម្លាប់មនុស្សរាប់សែននាក់៕
អត្ថបទ៖ សុខមាន