ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នារសៀលថ្ងៃទី១៦ ខែឧសភានេះ បានអញ្ជើញចូលរួមជាអធីបតីភាពក្នុង វេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដោយមានវិនិយោគិនចូលរួមទាំងកម្ពុជា និងកូរ៉េ សរុបជាង៣០០នាក់ ដែលតំណាងឱ្យ ១៩៨ ក្រុមហ៊ុន នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
ក្នុងឱកាសនោះសម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងថា សាធារណរដ្ឋកូរ៉េ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មទ្វេភាគី សរុបប្រមាណ ៧៥១លានដុល្លារ ឈរលើលេខរៀងទី១១ ក្នុងឆ្នាំ២០២៣កន្លងមកនេះ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា លើសពីនេះ ការវិនិយោគដោយផ្ទាល់ពីវិនិយោគិនសាធារណរដ្ឋកូរ៉េ (FDI) មានចំនួនសរុបរហូតដល់ជាង ៥ពាន់លានដុល្លារនិយាយជារួម និងមានចំនួនប្រមាណ ៣០លានដុល្លារ ឈរលើលេខរៀងទី៩ ក្នុងឆ្នាំ២០២៣ កន្លងទៅ។
សម្ដេចថ្លែងថា កម្ពុជា-កូរ៉េ ក៏បានចុះជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ជាមួយគ្នាផងដែរ កាលពីខែធ្នូ ឆ្នាំ២០២២។ តាមរយៈកិច្ចព្រមព្រៀង CKFTA នឹងផ្តល់ភាពងាយស្រួល ដល់វិនិយោគិនកូរ៉េក្នុងការបណ្តាក់ទុន និងការនាំចេញ-នាំចូលរវាងប្រទេសទាំងពីរ ជាមួយនឹងកាលានុវត្តភាពជាច្រើនក្នុងស្រុក រួមជាមួយនឹងគោលការណ៍អនុគ្រោះការវិនិយោគ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលនឹងផ្តល់នូវ លក្ខខណ្ឌពិសេសជាច្រើន ជួយសម្រួលដល់វិនិយោគផងដែរ៕ ដោយ ៖ ដារ់ា







