ភ្នំពេញ ៖ ពិព័រណ៍ការងារ និងសន្និសីទវិទ្យាសាស្រ្ត លើកទី៣ រយៈពេល២ថ្ងៃ ចាប់ផ្តើមហើយពីថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០២៤នេះ នៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។
នៅក្នុងពិធីបើកពិព័រណ៍ការងារ នៅព្រឹកថ្ងៃទី១៦ ខែឧសភានេះ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា កម្មវិធីនេះ មានការចូលរួមពីបណ្តាក្រុមហ៊ុន សហគ្រាសធំៗចំនួន៧២ ដែលបាននាំយកឱកាសការងារជាច្រើនកន្លែង ជូនដល់យុវជន សិស្ស និស្សិត អ្នកស្វែងរកការងារធ្វើ និងសាធារណៈជន។ ឯកឧត្តម បានបន្តថា ព្រឹត្តការណ៍នេះ គឺជាការប្រមូលផ្តុំនូវព័ត៌មានការងារយ៉ាងសំបូរបែបនៅតាមគ្រឹះស្ថាន និងក្រុមហ៊ុនហ៊ុនធំៗ ហើយក៏ជាវេទិកាប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ រវាងក្រុមហ៊ុន និងសិស្ស និស្សិតនៅក្នុងវិទ្យាស្ថាន។
លោក ឡាច ចិត្រា បុគ្គលិកផ្នែកធនធានមនុស្សក្រុមហ៊ុន កូមិន ខ្មែរ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា នេះមិនមែនជាលើកទីមួយទេ ដែលបានចូលរួមក្នុងការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារជូនដល់យុវជន សិស្ស និស្សិត។ លោកបានបន្តថា ពិព័រណ៍ការងារ ក៏ដូចជាវេទិកាការងារដែលរៀបចំឡើងដោយរដ្ឋាភិបាល ក៏ជាឱកាសសម្រាប់យុវជនក្នុងការស្វែងរកនិយោជក ដែលមានសក្តានុពលជាច្រើន និងស្វែងយល់ពីឱកាសការងារ និងលក្ខខណ្ឌការងារផ្សេងៗផងដែរ។
តំណាងក្រុមហ៊ុនចំនួន២ផ្សេងទៀត ដែលបានចូលរួមក្នុងកម្មវិធីនេះ គឺលោក ទូច សារ៉េត ប្រធានផ្នែកធនធានមនុស្ស និងកិច្ចការទូទៅនៃក្រុមហ៊ុន ដេនសូ (DENSO) ដែលជារោងចក្រផលិតគ្រឿងបង្គុំ និងអ្នកស្រី ម៉ម ម៉ុម ប្រធានផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន តូអា ខូចធីង ខេមបូឌា ខូអិលធីឌី (TOA Coating Cambodia Co.,Ltd) ក្នុងវិស័យសំណង់ បានឲ្យដឹង ស្រដៀងគ្នា តាមរយៈកម្មវិធីនេះ ពិតជាផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនណាស់ និងដោយងាយស្រួល រវាងក្រុមហ៊ុន អ្នកស្វែងរការងារធ្វើ និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ដើម្បីស្វែងយល់អំពីតម្រូវការជំនាញក្នុងទីផ្សារការងារកម្ពុជានាពេលបច្ចុប្បន្ន។
សូមជម្រាបជូនថា ពិព័រណ៍ការងារ និងសន្និសីទវិទ្យាសាស្រ្ត លើកទី៣នេះ ក្រៅពីការតាំងបង្ហាញឱកាសការងារ ក៏មានការរៀបចំនូវកម្រងរូបភាពជាច្រើនផ្សេងៗទៀត អំពីមុខជំនាញនានា ដែលទាក់ទងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈតាមរយៈការទស្សនាដោយផ្ទាល់នូវរោងជាង និងបន្ទប់ពិសោធន៍ផងដែរនៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលមានទីតាំងស្ថិតនៅតំបន់កប់ស្រូវ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕
អត្ថបទ ៖ ឈិត បូរ៉ាវី













