ភ្នំពេញ ៖ ប្រទេសកម្ពុជាបានកំណត់យកការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបានអតិបរិមា នៅសូន្យ នៅក្នុងឆ្នាំ២០៥០ តាមរយៈការបង្កើនគម្របព្រៃឈើ ឱ្យបាន៦០% ដោយបណ្តុះ និងចែកកូនឈើ ឱ្យបាន១លានដើមជូនដល់សាធារណជន ដាំដោយឥតគិតថ្លៃ ការប្រើប្រាស់ថាមពលករកើតឡើងវិញ ការប្រើប្រាស់រថយន្តអគ្គិសនី និងការណែនាំពីបច្ចេកវិទ្យាថ្មីៗជាដើម។ នេះបើតាមប្រសាសន៍ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងក្នុងពិធីបើកវេទិកាស្តីពីសកម្មភាពអាកាសធាតុសាកល ២០២៤ នាថ្ងៃទី១៦ខែឧសភានេះ ស្ថិតនៅសណ្ឋគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។
នៅក្នុងអង្គវេទិការ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍បន្តថា បច្ចុប្បន្នការប្រែប្រួលអាកាសធាតុ ពិតជាកំពុងធ្វើឱ្យប៉ះពាល់ ដល់ជីវភាពប្រចាំថ្ងៃ សេដ្ចកិច្ចសង្គមជាតិ។ ក្រសួងបរិស្ថាន នៅក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧នេះ បានកំណត់ទិសដៅការងារជាអាទិភាព គឺការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបទ និងទម្លាប់ការរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា ដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងការរស់នៅស្អាត បៃតង និងចីរភាព ដែលបានកំណត់ជាមុំយុទ្ធសាស្រ្តនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។
ឯកឧត្តមបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ប្រើប្រាស់វិធានប្រតិបត្តិសម្រាប់មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ស្តីពីការប្រែប្រួលអាកាសធាតុ សម្រាប់ដោះស្រាយបញ្ហាប្រឈមការប្រែប្រួលអាកាសធាតុដោយប្រសិទ្ធភាព ជាពិសេសបានជំរុញ និងលើកទឹកចិត្តដល់កម្ពុជាក្នុងការធ្វើអាជីវកម្មកាបូនប្រកបដោយតម្លាភាព គណនេយ្យភាព និងស្របតាមស្តង់ដាអន្តរជាតិ៕
គួរបញ្ជាក់ដែរថា វេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុសាកល ២០២៤ រៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសមាជិក សមាជិកា នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រុមការងារអន្តរក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល អង្គទូតនានា ដៃគូរអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនឯកជន ប្រមាណជា៣០០ ក្រុមហ៊ុន ដែលមានអ្នកចូលរួមសរុបប្រមាណ ៥០០នាក់ ក្នុងគោលបំណងផ្តល់ឱកាសសម្រាប់កិច្ចពិភាក្សាបង្កើនការយល់ដឹងអនាគតកម្ពុជាពីទស្សនៈទាន និងសកម្មភាពប្រែប្រួលអាកាសធាតុ អព្យាក្រឹត្យកាបូន និងការធ្វើពានិជ្ជកម្មឥណទានកាបូននៅលើពិភពលោក៕ អត្ថបទ៖ទូច សោភ័ណ








