ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅឆ្នាំ២០២៤នេះ នឹងរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) នៅថ្ងៃទី១៥ និង១៦ ខែមិថុនាខាងមុខនេះ នៅមជ្ឈមណ្ឌលសន្និបាតអគារកោះពេជ្រ ក្រោមប្រធានបទ “រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ”។
ក្នុងសេចក្តីជូនដំណឹង ស្តីពីការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ចេញផ្សាយនៅរសៀលថ្ងៃទី១៦ ខែឧសភានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសសេរថា ទិវាជាតិនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
ក្រសួងការងារបានបញ្ជាក់ថា ទិវាជាតិនេះ នឹងមានការដាក់តាំងបង្ហាញ និងការប្រកួតប្រជែងនូវស្នាដៃរបស់សិស្ស និស្សិត ដែលមានគំនិតច្នៃប្រឌិត នវានុវត្តន៍ ពាក់ព័ន្ធនឹងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ វិស័យឯកជន និងវិស័យ ពាក់ព័ន្ធនានា និងអាចប្រើប្រាស់ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ បម្រើដល់ការងារសង្គម វិស័យកសិកម្ម ពាណិជ្ជកម្ម សំណង់ និងឧស្សាហកម្ម ដោយត្រូវឆ្លងកាត់ការវាយតម្លៃពីគណៈកម្មការរៀបចំការប្រកួត និងការបោះឆ្នោតលើភាពពេញចិត្តពីសំណាក់អ្នកចូលរួមទស្សនា។
ចំពោះបេក្ខជនដែលទទួលបានជ័យលាភី នឹងទទួលបាននូវរង្វាន់លើកទឹកចិត្តផ្សេងៗ។ ក្នុងន័យនេះ សិស្ស និស្សិត និងយុវជន អាចមកដាក់ពាក្យស្នើសុំចូលរួមដាក់តាំងបង្ហាញ និងប្រកួតប្រជែង ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ តាមលក្ខខណ្ឌកំណត់មានដូចជា៖ ត្រូវមានស្នាដៃ ឧបករណ៍ សម្ភារ ជាបច្ចេកវិទ្យាថ្មីៗ និងមានភាពទាក់ទាញ ដែលបង្កើតបានដោយ ខ្លួនឯង ឬជាក្រុម។ ត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃពីក្រុមការងារមុននឹងទទួលបានការអនុញ្ញាតឱ្យចូលរួមដាក់ តាំងបង្ហាញ និងប្រកួត។ មិនត្រូវជាប់កម្មសិទ្ធិបញ្ញា ឬចម្លងពីស្នាដៃដទៃឡើយ៕ ដោយ ៖ បូរ៉ាវី








