
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃព្រហស្បតិ៍ (ទី១៦ ឧសភា) នេះ បានរាយការណ៍ថា ប្រមុខយោធារបស់សហភាពមីយ៉ាន់ម៉ា បានជួបពិភាក្សាជាមួយបណ្ដាមន្ត្រីជាន់អាស៊ាន (ASEAN) ស្តីពីការចូលរួមរបស់របបយោធាមួយនេះ នៅក្នុងប្លុកតំបន់អាស៊ីអាគ្នេយ៍ ដែលខ្លួនត្រូវបានផ្ដាច់ចេញ ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ មក។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមានសមាជិកចំនួន ១០ប្រទេស បានដឹកនាំកិច្ចខិតខំប្រឹងប្រែងការទូតដែលមិនទទួលបានផ្លែផ្កាអ្វីឡើយមកទល់ពេលនេះ ដើម្បីដោះស្រាយជម្លោះដែលកើតឡើងដោយការរដ្ឋប្រហាររបស់ពួកយោធា ដែលបានធ្វើឲ្យប្រជាជនចំនួន ២,៧លាននាក់ភៀសខ្លួន។ នេះបើយោងតាមការលើកឡើងរបស់អង្គការសហប្រជាជាតិ (UN)។
សហភាពមីយ៉ាន់ម៉ានៅតែជាសមាជិកអាស៊ានដដែល ប៉ុន្តែបណ្ដាឧត្តមសេនីយ៍នានា ត្រូវបានដកចេញពីកិច្ចប្រជុំថ្នាក់ខ្ពស់ ដោយសារការបដិសេធមិនចូលរួម ក្នុងផែនការសន្តិភាព និងជាមួយគូអរិរបស់ពួកគេ។
បើយោងតាមសារព័ត៌មាន Global New Light of Myanmar បានឲ្យដឹងថា នាយឧត្តមសេនីយ៍ លោក Min Aung Hlaing បានជួបជាមួយបេសកជនពិសេសអាស៊ាន លោក Alounkeo Kittikhoun និងអគ្គលេខាធិការលោក Kao Kim Hourn (កៅ គឹមហួន) កាលពីថ្ងៃពុធ (ទី ១៥ ឧសភា) នៅរដ្ឋធានី Naypyidaw (ណៃពិដោ) ។
សារព័ត៌មានរដ្ឋបានរាយការណ៍ថា ពួកគេបានផ្លាស់ប្តូរទស្សនៈលើបញ្ហានៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសមីយ៉ាន់ម៉ា នៅក្នុងអាស៊ាន។ សារព័ត៌មាននេះបាននិយាយថា ពួកគេក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការល្អបំផុតរបស់មីយ៉ាន់ម៉ា នៅក្នុងអាស៊ាន លក្ខខណ្ឌនៃការចូលរួមរបស់មីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំអាស៊ាន និងផែនការរបស់របបយោធា ក្នុងការរៀបចំការបោះឆ្នោតថ្មីៗ។
គួរបញ្ជាក់ថា រដ្ឋប្រហារបានបញ្ចប់បទពិសោធន៍រយៈពេលខ្លីមួយជាមួយនឹងលទ្ធិប្រជាធិបតេយ្យ និងបានធ្វើឲ្យប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះធ្លាក់ចូលទៅក្នុងភាពចលាចល។ នៅទូទាំងប្រទេស របបយោធាកំពុងប្រយុទ្ធជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចដែលបានបង្កើតឡើង ក៏ដូចជាក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ គឺ «កងកម្លាំងការពារប្រជាជន»៕