
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant) បានសម្តែងការខកចិត្តជាចំហចំពោះការបរាជ័យរបស់រដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានៃផែនការក្រោយសង្គ្រាមសម្រាប់តំបន់ហ្កាហ្សា។
នៅក្នុងសញ្ញាជាសាធារណៈដ៏កម្រមួយនៃការបែកបាក់គ្នាជុំវិញទិសដៅនៃយុទ្ធនាការយោធា នៅក្នុង គណៈរដ្ឋមន្ត្រីសង្គ្រាមរបស់អ៊ីស្រាអែល លោក ហ្គាឡែនធ៍ បានជំរុញឲ្យលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ប្រកាសជាសាធារណៈថា អ៊ីស្រាអែលមិនមានគម្រោងកាន់កាប់ការគ្រប់គ្រងស៊ីវិល និងយោធា នៅក្នុងតំបន់ហ្កាហ្សានោះទេ។
លោកបានថ្លែងថា៖«តាំងពីខែតុលាមក ខ្ញុំបានលើកបញ្ហានេះជាប្រចាំ នៅក្នុងគណៈរដ្ឋមន្ត្រី ហើយមិនបានទទួលការឆ្លើយតបឡើយ»។
លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បានឆ្លើយតបយ៉ាងតឹងរ៉ឹង ដោយនិយាយថា លោកមិនទាន់ត្រៀមខ្លួនជាស្រេចក្នុងការដោះដូរក្រុម Hamastan យកក្រុម Fatahstan ដោយយោងទៅលើក្រុម គូប្រជែងប៉ាឡេស្ទីនហាមាស ( Hamas) និងក្រុមហ្វាតា (Fatah)។
លោកបានព្រមានថា ការសម្រេចចិត្តមិនល្អ នឹងបន្សល់ទុកជម្រើសអាក្រក់ពីរ នៅតំបន់ហ្កាហ្សា គឺការគ្រប់គ្រងរបស់ក្រុមហាម៉ាស ឬការគ្រប់គ្រងដោយយោធារបស់អ៊ីស្រាអែល។