
នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico លែងស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិតទៀតហើយ បន្ទាប់ពីរូបលោកត្រូវបានបាញ់ប្រហារ ដែលជាការប៉ុនប៉ងធ្វើឃាតមួយ នៅពេលលោកចាកចេញពីកិច្ចប្រជុំរដ្ឋាភិបាល កាលពីថ្ងៃពុធ (ទី១៥ ខែឧសភា)។ នេះបើតាមរដ្ឋមន្ត្រីរដ្ឋាភិបាលមួយរូប ដែលបានប្រាប់ឲ្យដឹង។
នៅព្រឹកថ្ងៃព្រហស្បតិ៍ (ទី១៦ ខែឧសភា) នេះ គេឃើញនគរបាលកំពុងឈរយាមច្រកចូលមន្ទីរពេទ្យសាកលវិទ្យាល័យ F.D. Roosevelt នៅទីក្រុង Banska Bystrica ជាកន្លែងដែលលោក Fico វ័យ ៥៩ឆ្នាំ សម្រាកព្យាបាល។
សូមបញ្ជាក់ថា ក្នុងហេតុការណ៍បាញ់ប្រហារនោះ ខ្មាន់កាំភ្លើងបានបាញ់តម្រង់លោក Fico ចំនួន ៥គ្រាប់ ដោយដំបូងឡើយធ្វើឲ្យនាយករដ្ឋមន្ត្រីស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយទទួលការវះកាត់ជាច្រើនម៉ោង នាល្ងាចថ្ងៃពុធនោះ។
ការបាញ់ប្រហារនៅទីក្រុង Handlova ភាគកណ្តាលនៃប្រទេសស្លូវ៉ាគី ដែលប្រព័ន្ធផ្សព្វផ្សាយស្លូវ៉ាគី បានរាយការណ៍ថា ប្រព្រឹត្តិដោយបុរសវ័យ ៧១ឆ្នាំម្នាក់ បានបង្កការភ្ញាក់ផ្អើលដល់ប្រទេសដ៏តូច នៅអឺរ៉ុបកណ្តាលមួយនេះ និងបណ្ដាលឲ្យមានការថ្កោលទោសជាអន្តរជាតិ៕