
កងកម្លាំងអ៊ីស្រាអែល បានបង្កើនប្រតិបត្តិការទាំងនៅតំបន់ហ្កាហ្សាភាគខាងជើង និងជាយក្រុងរ៉ាហ្វា ភាគខាងកើត ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម និងជំរំហ្វឹកហាត់របស់ក្រុមហាម៉ាស។
អ៊ីស្រាអែល បាននិយាយថា ប្រតិបត្តិការរបស់កងកម្លាំងអ៊ីស្រាអែល ( IDF) ពាក់ព័ន្ធនឹងការវាយប្រហារតាមអាកាសទៅលើគោលដៅភេរវកម្មប្រហែល ៨០កន្លែង រួមទាំងបរិវេណយោធា កន្លែងស្តុកអាវុធ កន្លែងបាញ់មីស៊ីល ប៉ុស្តិ៍សង្កេតការណ៍ និងហេដ្ឋារចនាសម្ព័ន្ធភេរវកម្មបន្ថែម។
ប្រតិបត្តិការនៅទីក្រុងរ៉ាហ្វាភាគខាងកើត បានឃើញទាហានអ៊ីស្រាអែលចូលរួមនៅក្នុងការប្រយុទ្ធយ៉ាងកៀកជាមួយភេរវករហាម៉ាស នៅឯកន្លែងហ្វឹកហាត់មួយរបស់ក្រុមនេះ។ ទាហានរបស់ IDF នៅទីនោះ បានរកឃើញគ្រឿងយុទ្ធោបករណ៍ និងយានយន្តរបស់អ៊ីស្រាអែលដែលក្រុមហាម៉ាស បានប្រើដើម្បីបន្លំធ្វើការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែល។
រូបភាពជាច្រើនចេញពីកន្លែងហ្វឹកហ្វឺន បង្ហាញថា ក្រុមហាម៉ាសថែមទាំងទទួលបានរថក្រោះប្រយុទ្ធដ៏សំខាន់ Merkava របស់អ៊ីស្រាអែលទៀតផង។
ប្រតិបត្តិការរបស់ IDF នៅតំបន់ហ្កាហ្សាភាគខាងជើង បានកំណត់គោលដៅលើក្រុមភេរវករ នៅក្នុងជំរំជនភៀសខ្លួន Jabaliya រួមទាំងការវាយប្រហារតាមអាកាសទៅលើក្រុមមួយ ដែលបានបាញ់រ៉ុក្កែតទៅលើទីក្រុង Sderot របស់អ៊ីស្រាអែល កាលពីថ្ងៃអង្គារ។