
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអំពាវនាវឲ្យមានបង្កើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងល្បឿននៃការ ផលិតអាវុធ ក្នុងរយៈពេលជាងពីរឆ្នាំ នៅក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។
លោកបាននិយាយកាលពីថ្ងៃពុធនៅឯកិច្ចប្រជុំជាមួយក្រុមអ្នកតំណាងនៃឧស្សាហកម្មការពារជាតិថា៖«យើងត្រូវបង្កើនការខិតខំប្រឹងប្រែងរបស់យើងទ្វេដង និងបីដង ក្នុងទិសដៅនេះ»។
លោកបានបញ្ជាក់ថា មានតែការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធសព្វាវុធទំនើបៗឲ្យបានលឿនតាមដែលអាចធ្វើបាន ទើបរុស្ស៊ីជោគជ័យ ក្នុងការរក្សាបានមួយជំហានមុនអ៊ុយក្រែនក្នុងសង្គ្រាមនេះ។
លោក ពូទីន ក៏បានបង្ហាញពីភាពត្រឹមត្រូវនៃការតែងតាំងលោកឧបនាយករដ្ឋមន្ត្រី Andrei Belousov ជារដ្ឋមន្ត្រីការពារជាតិថ្មី ដោយនិយាយថា ចាំបាច់ត្រូវមានការបង្កើតថ្មី និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។
លោក បានអះអាងថា ប្រទេសរុស្ស៊ីចំណាយត្រឹមតែជាង ៨,៧ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនលើវិស័យយោធា និងសន្តិសុខ។ លោកបានបន្តថា៖«នោះ គឺជាថវិកាដ៏ច្រើន ហើយយើងមានកាតព្វកិច្ចប្រើប្រាស់វាដោយប្រុងប្រយ័ត្ន និងមានប្រសិទ្ធភាព»។
លោក ពូទីន បាននិយាយថា លោក Belousov មានវ័យ ៦៥ឆ្នាំ មានភារកិច្ចធ្វើសមាហរណកម្មផ្នែកសេដ្ឋកិច្ចដែលមានសារៈសំខាន់សម្រាប់សន្តិសុខ និងយោធាទៅ ក្នុងសេដ្ឋកិច្ចទាំងមូល។
ស្របពេលជាមួយគ្នានេះ មេដឹកនាំវិមានក្រឹមឡាំងរូបនេះ បានថ្លែងអំណរគុណដល់អតីតរដ្ឋមន្ត្រីការពារជាតិ លោក Sergei Shoigu ដែលមានវត្តមានផងដែរ ចំពោះការរៀបចំរចនាសម្ព័ន្ធកងទ័ពឡើងវិញ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។